ព្រះវិហារ៖ កាលពីរសៀលថ្ងៃទី ០៧ ខែ កុម្ភះ ឆ្នាំ ២០១៤ ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌុលព្រះវិហារ បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និង អាជីវករលក់ដូរនៅក្នុងផ្សារកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីចង់ដឹងអំពីសុខទុក្ខ និងតម្រូវការចាំបាច់របស់បងប្អួនប្រជាពលរដ្ឋ និង អាជីវករ ។ បន្ទាប់ពីឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់អ្នកតំណាងរាស្ត្រ មានភារកិច្ចសំខាន់ៗ គឺការពារសិទ្ធសេរីភាព នឹងផលប្រយោជន៍របស់បងប្អនប្រជាពលរដ្ឋ និងអាជីវករក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ និង តម្រូវការចាំបាច់សម្រាប់ជាប្រយោជន៍សាធារណៈ ។ ឯកឧត្តម ក៏បានផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ និង អាជីវករមានសំនួរ ព្រមទាំង យោបល់ផ្សេងៗរាល់ទុក្ខលំបាកដែលបងប្អូនប្រជាពលរដ្ឋចង់ឱ្យអ្នកតំណាងរាស្ត្រជួយ ។
បងប្អូនអាជីវករនៅក្នុងផ្សារកំពង់ប្រណាកបានចោទសំនួរជាច្រើន នឹងឱ្យអ្នកតំណាងរាស្ត្រជួយធ្វើអន្តរាគមន៍ ពាក់ព័ន្ធ និងការលក់ដូរ យកផ្លូវសារធារណៈធ្វើជាអាជីវកម្ម ផ្ញើរម៉ូតូ កង់ ក្នុងផ្សារគ្មានផ្លូវចូល និងការបង្ហូរទឹកស្អុយ អ្នកយកភាស៊ីផ្សារយកលុយលើសពីសៀវភៅបន្ទុក និងការចោលកាក់សំណល់សំរាមពុំមានអនាម័យ រីឯបងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារបានសំណូមពរឱ្យសមត្ថកិច្ចជួយត្រួតពិនិត្យ ការដឹកជញ្ជូន ដីចូលក្រុងយ៉ាងអនាធិបតេយ្យ គ្មានលក្ខណៈបច្ចេកទេស ធ្វើឱ្យអាចម៍ដីធ្លាក់រប៉ាត់រប៉ាយ ហុយពេញក្រុង គ្មានការទប់ស្កាត់ ។
ពាក់ព័ន្ធ នឹងទុក្ខកង្វល់ ក៏ដូចជាសំណូមពរនានាដែលបងប្អូនប្រជាពលរដ្ឋ និង អាជីវករបានលើកឡើងខាងលើ ឯកឧត្តម ស៊ុយ សារិទ្ធ អភិបាលរងខេត្ត និង លោក នុត សោភ័ណ្ឌ អភិបាលក្រុងព្រះវិហារ មានប្រសាសន៍អះអាងនូវចំពោះមុខអ្នកតំណាងរាស្ត្រ ធានាជួយដោះ ស្រាយ និង ចាត់វិធានការណ៍ក្តៅចំពោះការលក់ដូរគ្មានសណ្តាប់ធ្នាប់ និង ការដឹកជញ្ជូនដីចូលក្រុងពុំមាន វេចខ្ចប់ ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស នឹងនៅថ្ងៃខាងមុខចុះត្រូតពិនិត្យផ្ទាល់នៅក្នុងផ្សារកំពង់ប្រណាក ដើម្បីចាត់វិធានការណ៍ ។
ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍ជម្រាបជួនបងប្អូនប្រជាពលរដ្ឋ និង អាជីវករថា ឯកឧត្តម នឹងបន្តការតាមដានមើលសកម្មភាពដែលអភិបាលរង ក៏ដូចជាអភិបាលក្រុង ព្រះវិហារបានសន្យាអះអាងជួយដោះស្រាយជួនបងប្អូនប្រជាពលរដ្ឋ និង អាជីវករ តើពេលខាងមុខដ៏ខ្លីនេះការអនុវត្តន៍ នឹង ដោះស្រាយមានព្រសិទ្ធភាពដែរឬទេ???