បន្ទាយមានជ័យ:នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារព្រំដែន ទិសភូមិភាគទី៤ និងទី៥ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង តម្លើងឋានន្តរស័ក្តិ មន្ត្រីនគរបាលទិសភូមិភាគទី៤ និងទី៥ មកពី៧ខេត្ត គឺបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ ប៉ៃលិន សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ចំនួន ២៦៨ នាក់ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ ក្រោមនិងមានអ្នកចូលរូមជាង ៦០០ នាក់។
លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: “ខ្ញុំយកអស់កម្លាំងកាយចិត្ត ស្មារតីដឹកនាំកម្លាំង គ្រប់លំដាប់ថ្នាក់ មានសាមគ្គីភាពផ្ទៃក្នុង រួមសហការជាមួយអាជ្ញាធរដែនដី មន្ទីរ អង្គភាព និងកងកម្លាំង ក្រោមការចង្អុលដឹកនាំពី អគ្គស្នងការនគរបាលជាតិ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ធ្វើអោយរីកចម្រើន ទាំងមុខវិជ្ជាជីវ:នគរបាល យើងអាចរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងខេត្ត តាមដំណាក់កាល រីកចម្រើននៃសង្គមជាតិ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី”។
លោកឧត្តមសេនីយ៍ទោ ប៉ុល សុគន្ធ អនុប្រធាននាយកដ្ឋានបុគ្គលិក អគ្គស្នងការដ្ឋាននគរបាលជាតិ អានព្រះរាជក្រឹត្យ ប្រកាស សេចក្តីសម្រេចពី ការប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង ដំឡើងឋានន្តរស័ក្តិនាយ នាយរង និងមន្ត្រីនគរបាល ក្នុងនោះមាន ថ្នាក់ឧត្តមសេនីយ៍ត្រី ២រូប. វរសេនីយ៍ឯក ១០រូប វរសេនីយ៍ទោ ២៦ រូប វរសេនីយ៍ត្រី ៣០រូប អនុសេនីយ៍ឯក ១០៣រូប អនុសេនីយ៍ទោ ៥៨រូប អនុសេនីយ៍ត្រី ២៦រូប ព្រិន្ទបាលឯក ១២រូបនិងព្រិន្ទបាលទោ ១រូប។
លោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ ប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន ប្រកាសពីការកែសម្រួលពី គណ:បញ្ជាការស្រាល មកជាគណ:បញ្ជាការ នគរបាលប្រចាំទិសភូមិភាគទី ៤ និងទី៥ ក្នុងនោះ មានថ្នាក់ឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ទោ និងឧត្តមសេនីយ៍ត្រី ជាស្នងការនគរបាល មានភូមិសាស្ត្រជាប់ព្រំដែន ជាមេបញ្ជាការរង នគរបាលជាតិ ប្រចាំទិសភូមិភាគទាំងពីរ។
នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលជាមេបញ្ជាការ នគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និង៥ បានបំពាក់ឋានន្តរស័ក្តិ នាយ នាយរង និងមន្ត្រីនគរបាលទាំងអស់ និងផ្តាំផ្ញើដល់មន្ត្រីទាំងអស់ អោយបង្កើនការខិតខំបំពេញការងារ ប្រកប ដោយការទទួលខុសត្រូវ៕ដោយ:ឃិន គន្ធា




































