ខេត្ដកំពង់ចាម ៖ ឃាតកបានលប ចូលផ្ទះជនរងគ្រោះទាំងកណ្ដាលយប់ ប្រដាប់ដោយអាវុធអាកា ហើយបាន បាញ់រះ៣គ្រាប់បណ្ដាលឱ្យជនរងគ្រោះ ២នាក់ប្ដីប្រពន្ធដាច់ខ្យល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនាវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្ទះជន រងគ្រោះ ស្ថិតក្នុងភូមិខ្នប់ដំរីជើង ឃុំដំរិល ស្រុកអូររាំងឪ ខេត្ដកំពង់ចាម ហើយឃាតក បានគេចខ្លួនបាត់ដោយសុវត្ថិភាព ។
បុរសវ័យចំណាស់ឈ្មោះ ពិន ម៉េត អាយុ៥៤ឆ្នាំ រស់នៅភូមិកើតហេតុខាង លើបានឱ្យដឹងថា នៅពាក់កណ្ដាលយប់ ថ្ងៃកើតហេតុគាត់បានឮសំឡេងផ្ទុះអាវុធ៣គ្រាប់ ហើយគាត់បានទៅប្រាប់ឪពុក ជនរងគ្រោះពីការដែលឮសំឡេងផ្ទុះគ្រាប់សង្ស័យនៅផ្ទះ ជនរងគ្រោះខណៈនោះ ឪពុកជនរងគ្រោះបានមកមើលឃើញ កូនរបស់ខ្លួនដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌មានតែសំឡេងចៅតូចៗចំនួន៣នាក់ទ្រហោយំទាំងកណ្ដាលអធ្រាត្រ ហើយអ្នកភូមិផ្អើលឈូឆរមកមើល ។
រំពេចនោះមេភូមិបានទូរស័ព្ទប្រាប់ទៅ មេប៉ុស្ដិ៍ដើម្បីសុំកម្លាំងអន្ដរាគមន៍និង ពិនិត្យស្រាវជ្រាវកំណត់មុខសញ្ញាជន ល្មើស ។ លោក ពិន ម៉េត បានបន្ដទៀតថា ជន រងគ្រោះទាំង២នាក់ប្ដីប្រពន្ធ ជាមនុស្ស ស្លូតបូតមានសាមគ្គីភាពល្អ រកស៊ីតាម សម្មាអាជីវោមិនដែលមានទំនាស់អ្វីជាមួយអ្នកភូមិនេះទេ តែមិនដឹងជាយ៉ាង ម៉េចបានជាឃាតកបាញ់សម្លាប់ឥត ញញើតដៃបន្សល់ទុកកុមារទាំង២នាក់ បងប្អូនកំព្រាឪពុកម្ដាយគួរឱ្យសង្វេគ ។ លោកសួន សុផាត មេប៉ុស្ដិ៍រដ្ឋបាល នគរបាលដំរិលបានឱ្យដឹងថា បន្ទាប់ពី ទទួលព័ត៌មានភ្លាមលោកបានរាយការណ៍ទៅលោកអធិការដើម្បីសុំបទបញ្ជាចុះ ត្រួតពិនិត្យដល់កន្លែងកើតហេតុ ។
ពេល ទៅដល់ឃើញជនរងគ្រោះបុរសជាប្ដី ឈ្មោះ អ៊ុក ម៉ានិន អាយុ៣៣ឆ្នាំ និង ប្រពន្ធ ឈ្មោះ គីវ ស្រី អាយុ២៥ឆ្នាំ ដេកស្លាប់ ដោយមានឈាមហូរជោកខ្លួន ។ តាម ការពិនិត្យឃើញថាបុរសជាប្ដីត្រូវគ្រាប់កាំភ្លើង១គ្រាប់ចំក្រោមក្លៀកខាងស្ដាំ ហើយស្ដ្រីជាប្រពន្ធត្រូវគ្រាប់កាំភ្លើង អាច២គ្រាប់ចំចិញ្ចើមបែកចេញខួរព្រោះជនល្មើសពេលធ្វើសកម្មភាពបានបាញ់ចំនួន៣គ្រាប់ហើយបើតាមការស្រាវ ជ្រាវរកវត្ថុតាងកម្លាំងនគរបាលរកឃើញបាល់ក្បាលគ្រាប់កាំភ្លើងអាកាចំនួន ១គ្រាប់ដែលឃាតកបានបាញ់ជនរងគ្រោះផ្ទប់ទៅនឹងដី ។
ក្បាលគ្រាប់ជាប់នៅក្នុង ដី ចំណែកសំបកកាទុសរកពុំឃើញ ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនល្មើសបានចេញតាមទ្វារក្រោយឆ្ពោះទៅទិសខាង កើតដោយសុវត្ថិភាព ។ លោកមេប៉ុស្ដិ៍បានបញ្ជាក់ទៀតថា នៅយប់កើតហេតុក្រុមគ្រួសារជនរង គ្រោះដេកមានគ្នាចំនួន៥នាក់ គឺជនរង គ្រោះ២នាក់ប្ដីប្រពន្ធ កូនប្រុសបងឈ្មោះ សុទ្ធ ផាណៃ អាយុ៧ឆ្នាំ ជាសិស្សថ្នាក់ទី២ សាលាបឋមសិក្សាដំរិល កូនប្អូនឈ្មោះ សុទ្ធ ម៉េងហុង ភេទប្រុស អាយុ២ឆ្នាំ ៥ខែ នៅបៅដោះ និងក្មួយប្រុសម្នាក់ទៀត ឈ្មោះ ទូច ហេងលាភ អាយុ៨ឆ្នាំរៀន ថ្នាក់ទី២ជាមួយគ្នានៅសាលាបឋមសិក្សាដំរិលដែរ ។
ករណីឃាតកម្មនេះជនល្មើសមិន បានយកអ្វីទាំងអស់ទាំងទ្រព្យសម្បត្ដិ លុយកាក់និងគ្រឿងអលង្ការដែលគេសង្ស័យថាជាទំនាស់មុខរបរឬទំនាស់សេដ្ឋកិច្ច ពីព្រោះជនរងគ្រោះបុរសជាប្ដីមានមុខ របរជាគ្រូពេទ្យដើរចាក់ថ្នាំតាមភូមិគ្រាន់តែជាពេទ្យឥតក្របខ័ណ្ឌហើយប្រពន្ធមានមុខរបរ បណ្ដាក់លុយយកស្រូវ បណ្ដាក់ជី និងចងការប្រាក់ជាដើម ។
ករណីឃាតកម្មនេះកម្លាំងរដ្ឋបាល ប៉ុស្ដិ៍បានសហការជាមួយកម្លាំងអធិការ ដ្ឋានស្រុកកម្លាំងកងរាជអាវុធស្រុក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់របស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាមកំពុងស៊ើបអង្កេតស្រាវជ្រាវដើម្បីឈានកំណត់មុខសញ្ញាតាមចាប់ខ្លួនជន ល្មើសយកមកផ្ដន្ទាទោសទៅតាមច្បាប់ ។ បើតាមលោកបែន រ័ត្នស្នងការនគរ បាលខេត្ដកំពង់ចាមរំពឹងថា ឃាតកអាច នឹងចាប់ខ្លួនបានក្នុងពេលឆាប់ៗ ៕