ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមសម្អាតបរិស្ថាន នៅតាមមូលដ្ឋានរស់នៅរបស់ខ្លួន ឲ្យបានស្អាត ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងមានបរិស្ថានល្អ ឈានទៅទទួលស្វាគមន៍ភ្លើងគុបកីឡាស៊ីហ្គេម និងធ្វើឱ្យមានការផ្លាស់ប្ដូរ ទទួលបានរង្វាន់ផ្ការំដួល២ទង សម្រាប់ឆ្នាំ២០២៥- ២០២៨ ខាងមុខនេះ។
អភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង បានអំពាវនាវបែបនេះ ក្នុងពិធីអបអរសាទរទិវាជាតិ ទីក្រុងស្អាត លើកទី១១ និងការប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២២-២០២៥ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ពិធីនេះបានប្រារព្ធធ្វើឡើងនៅរង្វង់មូលមាត់ទន្លេ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ដើម្បីសម្រេចបានតាមបំណងប្រាថ្នារបស់យើងទាំងអស់គ្នា ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ ត្រូវដាក់ចេញនូវយុទ្ធនាការទីក្រុងស្អាត បរិស្ថាននៅមូលដ្ឋានឱ្យមានសោភ័ណភាព ផាសុកភាព និងនាំទីក្រុងយើង ឆ្ពោះទៅរកភាពស្អាតបៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់ ។
លោក ស្វាយ សំអ៊ាង បានបន្តថា ភាពរីកចម្រើន គឺយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់លើកកម្ពស់បន្ថែមទៀត ធ្វើឱ្យមានភាពស្អាតជានិច្ច ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត ព្រោះវាបានរួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា «ពាក់ព័ន្ធទៅនឹងចលនាប្រឡងប្រណាំងទីក្រុងស្អាតនេះ ក៏បញ្ជាក់ពីការវិវត្តរីកចម្រើនប្រទេសយើង ក៏ដូចជាការបញ្ជាក់ការវិវត្តរីកចម្រើន នៃទីក្រុងរបស់យើងទៅលើគ្រប់វិស័យ ផ្តោតសំខាន់ទៅលើវិស័យអាទិភាពមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចចំណូលថវិកាជាតិផង ហើយក៏ជាការជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងផង»។
អភិបាលក្រុងស្ទឹងត្រែង លោកសាយ កុសល បានបញ្ជាក់ថា ដើម្បីធ្វើឱ្យកាន់តែប្រសើរជាងនេះ អាជ្ញាធរក្រុងសង្ឃឹមយ៉ាងមុតមាំ ទៅលើបងប្អូនប្រជាពលរដ្ឋ ព្រោះនៅឆ្នាំ២០២៣នេះ សង្កេតឃើញបងប្អូនយើងយល់ដឹងពីផ្នែកបរិស្ថានបានច្រើន ហើយត្រូវនាំគ្នាបន្តអនុវត្តឱ្យកាន់តែល្អប្រសើរជាងនេះថែមទៀត ដើម្បីទីក្រុងយើងស្អាត និងមានបរិស្ថានល្អ ។
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោកអ៊ន់ ប៉ោសឿន បានថ្លែង ទទួលស្គាល់ថា វិស័យទេសចរណ៍ពិតជាបានផ្តល់ប្រាក់ចំណូល ដោយប្រយោលជូនប្រជាពលរដ្ឋ តាមរយៈការលក់ដូរចំណីអាហារ នៅពេលដែលយើងរៀបចំមូលដ្ឋានរស់នៅល្អ ទីក្រុងស្អាត ភ្ញៀវទេសចរមកលេងខេត្តរបស់យើងច្រើន។
ខេត្តស្ទឹងត្រែង គឺជាខេត្តមួយដែលទទួលបានជ័យលាភី រង្វាន់ទីក្រុងស្អាត គឺផ្ការំដួល១ទង បីលើករួចមកហើយ ចាប់ពីឆ្នាំ២០១៨មក ហើយអាជ្ញាធរខេត្ត និងក្រុង នឹងខិតខំប្រឹងប្រែង ដោយប្តេជ្ញាយកឱ្យបានពានរង្វាន់ទីក្រុងស្អាត គឺផ្ការំដួល២ទង នៅលើកទី៤ សម្រាប់ឆ្នាំ២០២៥-២០២៨ ខាងមុខនេះ៕ដោយ៖ឡុង សំបូរ