ត្បូងឃ្មុំ៖ វត្ដព្រះធាតុបាស្រី ស្ថិតនៅឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ នៅក្នុងវត្ដ មានប្រាសាទ មួយកសាងឡើងពីថ្មភក់ នៅឆ្នាំ ៩៨៣ នៃគ្រឹស្ដសករាជ សង់ជារាងការ៉េ ១៥ម គុណ ១៥ម កំពស់ ៣៣ ម ។ វិសាលភាពប្រាសាទពីលិចទៅ កើត ប្រវែង ១.២៥០ម ពីត្បូង ទៅជើងប្រវែង ៣០០ម ។ ជុំវិញប្រាសាទ មាន កំផែងថ្មបាយក្រៀមបណ្ដោយ ៨.៦៦០ម ទទឹង ៤៩ម ។
លោក អឿន រិទ្ធ ប្រធានមន្ទីរខេត្តត្បូងឃ្មុំបានបញ្ជាក់ពីប្រវត្តិដើមឲ្យដឹងថា នៅខាងជើងប្រាសាទមាន រៀបចំកំផែង ២ជាន់ ឯខាងក្រៅ កំផែងមានទេវរូបសំខាន់ៗ ដែល ប្រជាជនតែង
គោរពបន់ស្រន់ ប៉ុន្ដែត្រូវរលាយ អស់មួយចំនួន បច្ចុប្បន្ន សប្បុរសជន កសាងតំណាង ឡើងវិញខ្លះមាន ៖
១-រូបព្រះពុទ្ធចូលនិពាន្ដ ស្ថិតនៅជ្រុងអគ្នេយ៍ប្រាសាទ កសាងពីថ្មភក់ .២-រូបសំណាក ស្រីគ្រប់លក្ខណ៍ ស្ថិតនៅជ្រុងឧត្ដរប្រាសាទ .៣-រូបសំណាកអ្នកតាហែកពោះ ស្ថិតនៅ ជ្រុង
ឦសានប្រាសាទ .៤-រូបសំណាក អ្នកតាដង្ហាល/កង្ហារ ស្ថិតនៅជ្រុងបូព៌ាប្រាសាទ ៥-រូបសំណាកអ្នកតាគុណដាវស្ថិតនៅទិសអគ្នេយ៍ប្រាសាទ.៦-រូបសំណាក អ្នកតាអង្ក្រង ភ្លើង ស្ថិតនៅទិសឧត្ដរប្រាសាទ.៧-រូបសំណាកលោកយាយទេព ស្ថិតនៅទិសប ស្ចិម ប្រាសាទ ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា បច្ចុប្បន្នមានប្រជាពលរដ្ឋទៅកំសាន្តពិសេសនៅរដូវបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរ យ៉ាងច្រើនកុះករ ហើយពិសេសទៀតក៏មានក្រុមនិស្សិតរបស់
យើងក៏បានចុះទៅធ្វើកម្មសិក្សា ស្រាវជ្រាវពីប្រវត្តិសាស្ត្រផងដែរ ជាងនេះទៀតគេក៏ឃើញមានភ្ញៀវទេសចរណ៍អន្តរជាតិ ទៅទស្សនាដែរ ។ នៅទីនោះ ក៏មានការផ្តល់សន្តិសុខយ៉ាងល្អ ពីអាជ្ញាធរខេត្តត្បូងឃ្មុំ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទៅកំសាន្តជាបន្តបន្ទាប់គួរឲ្យចាប់អារម្មណ៍ ៕