​រថយន្ត​ធុន​ធំ​ដឹក​ឥដ្ឋ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​ម៉ូតូ​សង​កូរ៉េ ពីក្រោយ ហើយ​ព្យាយាម​បើក​រត់​រេ​ចង្កូត​ក្រឡាប់​ធ្លាក់​ប្រឡាយ របួសធ្ងន់​ស្រាល​៣​នាក់​

0

ភ្នំពេញ​៖ បុរស ៣​នាក់ ត្រូវរ​របួសធ្ងន់​ស្រាល ដោយសារ​ពួកគេ​ជិះ​ម៉ូតូ​សង់​កូរ៉េ មួយគ្រឿង​ឌុប​គ្នា ហើយ​ត្រូវ​រថយន្ត​ធុន​ធំ ដឹក​ឥដ្ឋ​មួយគ្រឿង​កំពុងបើក​ស្របគ្នា​យ៉ាង​លឿន​ជ្រុល​បុក​ម៉ូតូ​សង់​កូរ៉េ​ពីក្រោយ​ពេញទំហឹង កាលពី​វេលា​ម៉ោង ១៨​នឹង ០០ នាទី​ល្ងាច​ថ្ងៃទី ០២ ខែមីនា ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ ​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​បុរស ៣​នាក់ ជិះ​ម៉ូតូ​សង់​កូរ៉េ មួយគ្រឿង​ពណ៌​ស្លា​ទុំ ឌុប​គ្នា​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ទិសដៅ​ពី​កើ​តទៅ​លិច យ៉ាង​លឿន ហើយ​ខណៈនោះ​ក៏មាន​រថយន្ត​ម៉ាក FUSO មួយគ្រឿង ដឹក​ឥដ្ឋ ពេញ​ក្នុង​រថយន្ត ទិសដៅ​ស្របគ្នា ជាមួយ​ម៉ូតូ ប៉ុន្តែ​ទំនងជា​អ្នកបើកបរ​រថយន្ត​ស្រវឹងស្រា​ហើយ​ងងុយដេក​ទើប បណ្តាល​ឲ្យ​រេ​ចង្កូត​រថយន្តបុក​ម៉ូតូ ពីក្រោយ​ពេញទំហឹង រួច​រថយន្ត​បាន​ព្យាយាម​បើក​រត់គេចខ្លួន​ក៏​រេ​ចង្កូត​ទៅខាង​ស្តាំ​ដៃ​ធ្លាក់​ក្រឡាប់​ចូល​ប្រឡាយ រង់​ការខូចខាត​ស្ទើរ​ទាំងស្រុង ។

គួរ​បញ្ជាក់ថា ក្នុង​ហេតុការណ៍​បណ្តាល​ឲ្យ​បុរស ៣​នាក់ ដែល​ជិះ​ម៉ូតូ​សង់​កូរ៉េ​ឌុប គ្នា​ត្រូវ​រងរបួស​ធ្ងន់​ស្រាល ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ ។ ​ ​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​ធ្វើការ​វាស់វែង​អូស​យក​រថយន្ត​បង្កហេតុ នឹង ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕01 02