កំពង់ចាម៖ តំណាងប្រជាពលរដ្ឋនិងអ្នកអនុវត្តច្បាប់ ក្នុងមូលដ្ឋាននៃស្រុកកោះសូទិន ខេត្តកំពង់ចាមប្រមាណជាង៣០០នាក់ទទួលបានជ្រួតជ្រាបអំពីច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងដែលបានផ្សព្វផ្សាយដោយមន្ទីរទំនាក់ទនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម ។
ពិធីផ្សព្វផ្សាយច្បាប់នេះ បានប្រព្រឹត្តនៅសាលាស្រុកកោះសូទិននាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ ក្រោមការអញ្ជើញចូលរួមពី លោក ផេន សុផល អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន លោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរទំនាក់ទនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម ក្រុមប្រឹក្សាស្រុក តំណាងស្នងការនគរបាលខេត្ត នគរបាលស្រុកប៉ុស្តិ៍រដ្ឋបាល
នគរបាលឃុំ និងក្រុមប្រឹក្សាឃុំ យ៉ាងច្រើនកុះករ ។
លោកស្រីឆាន ច័ន្ទធីតាបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយច្បាប់បង្ក្រាបល្បែងស៊ីសងនេះ ធ្វើឡើងដោយយោងទៅតាមសារាចរលេខ ០៣ សរ របស់រដ្ឋាភិបាលជាតិបណ្ដោះអាសន្នកម្ពុជា ជាពិសេស មានមតិសាធារណៈបានកត់សម្គាល់ថា កន្លងមក នៅតាមទីប្រជុំជន នៃខេត្ត ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ មួយចំនួន មានបើកល្បែងស៊ីសង ដោយចំហរ និងសម្ងាត់តូច ធំ យ៉ាងច្រើន ហើយបច្ចុប្បន្នកំពុងរីករាលដាលជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យបាត់បងនូវ
របៀបរៀបរយ សន្តិសុខសាធារណៈ និងជាប្រភព នាំឲ្យកកើតឡើងនូវចោរកម្មផ្សេងៗ ធ្វើឲ្យប្រជារាស្ត្រមានកង្វល់ក្នុងចិត្តយ៉ាងខ្លាំង អំពីសន្ដិសុខគ្រួសារ និងបុគ្គល់ម្នាក់ៗ ដែលទាមទារត្រូវតែដោះស្រាយ ហាមឃាត់អំពើទាំងនេះ មិនឲ្យមាននៅក្នុងសង្គមជាតិជាបន្ទាន់ ដើម្បីរក្សាភាពសុខុដុមរមនាជូនប្រជាពលរដ្ឋ ។ ដោយឡែក ច្បាប់បង្ក្រាបល្បែងស៊ីសងនេះ មានចំនួន៤ជំពូក ស្មើនឹង ១៣មាត្រានិងបានរួមចំណែកផ្ដល់នូវការយល់ដឹងដល់ប្រជាពលរដ្ឋ និង
អ្នកអនុវត្ត បន្ទាប់ពីបានផ្សព្វផ្សាយទៅ ។
លោកវរសេនីយត្រីយ៍ ស៊ឹម ស៊ាងឌី និងលោកឧត្ដមសេនីយ៍ត្រី ជឹម សេងហុង ស្នងការរងនគរបាលខេត្ត បានបញ្ជាក់ថា ការផ្សព្វផ្សាយច្បាប់នេះ គឺជាចំណុចសំខាន់មួយ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ ហើយការផ្សព្វផ្សាយនេះ ក៏បានចូលរួមចំណែកចែករំឡែកការដល់ដឹងទៅដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផ្ទាល់ ផងដែរ ។ ក្នុងនាមមន្ត្រីនគរបាល លោកវរៈសេនីត្រី និងលោកឧត្ដមសេនីត្រីក៏បានលើកឡើង នូវអ្វីដែលជាចម្ងល់នានា ទាក់ទងទៅនឹងចំណុចសំខាន់ៗចំនួន ៤ គឺ ៖ ទី១.តើល្បែងស៊ីសងប្រភេទណាខ្លះដែលច្បាប់បានហាមឃាត់ ទី២.តើសមត្ថកិច្ចណាខ្លះដែលមាននីតិសម្បទាក្នុងការបង្ក្រាប ទី៣.ការលេងល្បែងស៊ីសងមានផលប៉ះពាល់អ្វីខ្លះដល់គ្រួសារ ដល់សង្គមជាតិ និងទី៤.អាជ្ញាធរមានវិធានការបែបណាខ្លះ ដើម្បីបង្ក្រាបល្បែងស៊ីសង?ដើម្បីផ្សព្វផ្សាយដល់អង្គពិធីទាំងមូល
បានជ្រួតជ្រាប ផងដែរ ។
លោក ផេន សុផល អភិបាលស្រុកកោះសូទិន តំណាងឯកឧត្ដមអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះមន្ទីរទំនាក់ទនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាមដែលបានចុះផ្សព្វផ្សាយច្បាប់នេះនៅក្នុងស្រុកកោះសូទិន ។ លោកបន្តថា ច្បាប់បង្ក្រាបល្បែង គឺបានអនុវត្តជាប្រចាំ និងពិតជាជួបការលំបាកសម្រាប់មន្ត្រីជានគរបាលយុត្តិធម៌អនុវត្តច្បាប់ តែដោយយើងគោរពអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងផ្អែកតាមលិខិតបទដ្ឋានរបស់ក្រសួងនានា គឺបានអនុវត្តជាប្រចាំ នៅគ្រប់គោលដៅដែលធ្វើឲ្យល្បែងស៊ីសង នៅមូលដ្ឋានមានការថយចុះជាលំដាប់ ។ លោក
អភិបាលស្រុក បានរំលឹកដែរថា ទន្ទឹមនឹងភាពជោគជ័យនេះដែរ ក៏យើងមិនអាចស្កប់ស្កល់ឈរទ្រឹងនៅស្ងៀមឡើយ ដូច្នេះ សំណូមពរដល់សមត្ថកិច្ចពាក់ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ជាប្រចាំ ក្នុងការអប់រំផ្សព្វផ្សាយច្បាប់ វិន័យសីលធម៌ ដល់មន្ត្រីអនុវត្តច្បាប់ ដើម្បីលើកម្ពស់ការត្រួតពិនិត្យ ការលេងល្បែងស៊ីសង ឲ្យកាន់តែមានប្រសិទ្ធភាព លើគ្រប់រូបភាព ដើម្បីបន្តនិរន្តរ៍ភាព នៃការត្រួតពិនិត្យ ការអនុវត្តទទួលបានជោគជ័យ ផងដែរ ៕