សៀមរាប ៖ កិច្ចប្រជុំខាងលើនេះ បានប្រព្រឹត្តិទៅ កាលពីរសៀលថ្ងៃទី០៨ខែតុលាឆ្នាំ២០១៤កន្លងទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ
ឯ.ឩ ឃឹម ប៊ុនសុង អភិបាលនៃគណះអភិបាលខេត្តសៀមរាបនិងជាប្រធានគណះបញ្ជាការឯកភាពខេត្ត ។ ព្រមទាំងមានសមាសភាពចូលរួមជាគណះអធិបតីពីសំណាក់ប្រតិភូអម គណះអធិបតី អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្នុងជួរកងកម្លាំងនគរ បាលជាតិនិងតំណាងមន្ទីរអង្គភាពស្ថាប័នមួយចំនួននិងនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាច្រើនរូបបានចូលរួមផងដែរ ។
បន្ទាប់ពីលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប បានអានរបាយការណ៍ស្វាគមន៍រួចមក ឯ . ឩ ឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារតំបន់២បានបញ្ជាក់ថានៅក្នុងរបាយការណ៍ ស្ថិតិពលករបរទេស ដែលកំពុងបម្រើការងារនៅក្នុងខេត្តសៀមរាប មានចំនួន ៣៥៣ទីតាំងអាជីវកម្ម ស្មើនឹងចំនួនពលករ ១,៦៦៤នាក់ ក្នុងនោះមានពលការិនី ៦១៣នាក់ ស្មើនឹង៤៦សញ្ជាតិ ក្នុងនោះមានពលករបរទេសបំរើការងារដោយស្របច្បាប់ចំនួន ២៧៥នាក់ ( ស្រី១២០នាក់ ) ស្មើនឹង២៤សញ្ជាតិ ។

ពលករបរទេសមិនស្របច្បាប់ ( មានលិខិតឆ្លងដែន -ទិដ្ឋការE មានចំនួន ១៣៨៩នាក់ ( ស្រី ៤៩៣នាក់ ) ស្មើនឹង ៤៥សញ្ជាតិ ។ ឯកឧត្តម ឃឹម ប៊ុន សុង អភិបាលខេត្ត និង ជាប្រធានគណបញ្ជាការឯកភាពខេត្តសៀមរាប បានវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែលទើបនឹងបង្កើតឡើង តែបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ចស្នូលរបស់ខ្លួន ដើម្បីសម្រេចតាមផែនការ ដែលបានគ្រោងទុក ។
ឯ . ឩ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងអង្គប្រជុំនេះថា ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបានប្រកាសបង្កើតឡើង កាលពីពេលថ្មីៗនេះ និងបានចង្អុលបង្ហាញឲ្យអនុវត្តនៅតាមបណ្តារាជធានី ខេត្ត ក្រុង ក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកធ្វើឲ្យសន្តិសុខជាតិកាន់តែល្អ ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមកាន់តែប្រសើរ ការអនុវត្តលើការងារគ្រប់គ្រងជនបរទេស ឲ្យកាន់តែមានភាពសមស្រប ផងដែរ ។ នេះគឺជា គោលនយោបាយរបស់ប្រមុខរាជរដ្ឋាបាល បានដាក់ចេញ ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់ថាតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ជនអន្តោប្រវេសន៍ស្របច្បាប់ ឬជនដែលមានឈ្មោះនៅក្នុងបញ្ជីអន្តោប្រវេសន៍ គឺមានសិទ្ធិសុំប្រកាស សុំស្នើ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ។ ជនអន្តោប្រវេសន៍ស្របច្បាប់ ស្នាក់នៅបានរយៈពេល៧ឆ្នាំ(សម្រាប់មនុស្សចាស់) ស្នាក់បានរយៈពេល៣ឆ្នាំ(សម្រាប់មនុស្សក្មេង) អាចមានសិទ្ធិទាមទារសញ្ជាតិបាន ។
កូនរបស់ជនអន្តោប្រវេសន៍ស្របច្បាប់ ពេលប្រសូត្រមក តាមច្បាប់សញ្ជាតិ មាត្រា៣ អាចទទួលបាននូវសញ្ជាតិខ្មែរ ។ ជាមួយឱកាសនៃកិច្ចប្រជុំនេះផងដែរ ឯ .ឩ នាយឧត្តមសេនីយ៍ សុខ ផល បាននាំយកអំណោយសម្ភារៈ- មធ្យោបាយមួយចំនួន ទៅផ្តល់ជូន ការិយាល័យ អន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ ក្នុងនោះរួមមាន ទោចក្រយានយន្ត ២គ្រឿង កុំព្យូទ័រ ៥ គ្រឿង និង រថយន្ត ចំនួន ១គ្រឿង ដើម្បីបានប្រើប្រាស់ បំរើការងារក្នុងអង្គភាពជំនាញ ឲ្យបានល្អប្រសើរ ។
ដោយ ឡែកនៅព្រឹកថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ឆ្លៀតក្នុងឱកាសដ៏មានតម្លៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ព្រមទាំងប្រតិភូអមដំណើរដែលជាកងកម្លាំងក្រោមឱវាទបានអញ្ជើញទៅបំពេញទស្សនះកិច្ចជាផ្លូវនៅលើផ្ទៃជលសាបឹងទន្លេសាបចុងឃ្នៀសខេត្តសៀមរាប ក្នុងគោលបំណងដើម្បីដាស់តើនក្រើនរំលឹកដល់កងកម្លាំងនគរបាលជំនាញដែលមានការពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀតទៅលើការ ការពារថែរក្សា សន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សង្គមជូនដល់ប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ដែលតែងតែបានមកទស្សនាកំសាន្តជារៀងរាល់ថ្ងៃនៅក្នុងតំបន់បឹងទន្លេសាបចុងឃ្នៀសនេះឲ្យបានកាន់តែមានសុវត្ថិភាពថ្វេដងស្របពេលដែលយើងទាំងអស់គ្នាកំពុងតែអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។
ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល បានបញ្ជាក់យ៉ាងច្បាស់ដល់មន្ត្រីក្រោមឱវាទនាឱកាសនោះថាកត្តាដែលសម្ខាន់គឺក្នុងនាមយើងជាសមត្ថកិច្ចជំនាញ ឫ អាជ្ញាធរមានសមត្ថកិច្ច ក៏ដោយត្រូវកំណត់អោយបានច្បាស់នូវស្ថិតិជនអន្តោប្រវេសន៍គ្រប់ជាតិសាសដែលស្នាក់នៅឫមកបំរើការងារផ្សេងៗនៅក្នុងភូមិសាស្ត្ររបស់ខ្លួនអោយបានច្បាស់លាស់ដើម្បីជាភាពងាយស្រួលក្នុងការគ្រប់គ្រងបទល្មើសផ្សេងៗមិនអោយក៏មានឡើងនិងយើងអាចបង្ក្រាបបទល្មើសទាំងនោះបានទាន់ពេលវរលាផងដែរ ៕
ដោយ លោក ខេង ខេមរា




































