តំបន់សេដ្ឋកិច្ចពិសេសភ្នំឆ័ត្រខេត្តបន្ទាយមានជ័យបង្ហាញគម្រោងវិនិយោគច្រើនក្នុងជំនួបវិនិយោគិនធុរកិច្ចចិន កម្ពុជានៅបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ គម្រោងតំបន់សេដ្ឋកិច្ចពិសេសភ្នំឆ័ត្រនាផ្លូវជាតិលេខ៥៨ ព្រំដែនកម្ពុជា ថៃក្នុងភូមិតេជោភ្នំឆ័ត្រឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យបានគ្រោងវិនិយោគជាច្រើនទៀតត្រូវបានលើកយកក្នុងជំនួបរវាងវិនិយោគិនធុរកិច្ចចិននិងកម្ពុជា កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២៣ ។

នេះបើយោងពិធីស្វាគមន៍ចំពោះការមកដល់គណ:ប្រតិភូធុរកិច្ចចិនប្រមាណ៧០នាក់នៃក្រុមហ៊ុនផ្សេងៗគ្នាដែលត្រូវបានទទួលដោយ ឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រីនិងសហការី ,លោកសេង ស៊ីណារិន ទីប្រឹក្សាផ្ទាល់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកស្រីសេង ពេជ្របញ្ញា អគ្គនាយិកា ,លោកហេង ទី ទីប្រឹក្សានៃក្រុមហ៊ុនខេមរិន្ទ ឌឺវែលឡូបម៉ិន ក៏មានមន្ត្រីនិងវិនិយោគិនថៃ មកពីខេត្តស្រះកែវនិងស្រុកនានាបានចូលរួមដែរ ។

លោកប៉េង ហាយហ្កាង(PengHuaigang)តំណាងអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចវ៉ាន់យូ(Wanyou Electrinic Technology )ខេត្តក្វាងទុង និងលោកយ៉ាង ហ្ស៊ុងចាវ (Yang Zongchao) តំណាងវិនិយោគិនធុរកិច្ចចិន បានថ្លែងស្រដៀងគ្នាថា : យុទ្ធសាស្ត្រ”ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ”របស់លោកស៊ី ជិនពីង ប្រធានាធិបតីចិន ក៏ទទួលបានការគាំទ្រនិងធ្វើកិច្ចសហប្រតិបត្តិការពីកម្ពុជានិងប្រទេសនានាក្នុងតំបន់និងក្នុងពិភពលោកព្រោះបានសម្រេចនូវគោលដៅអភិវឌ្ឍន៍និងមានផលប្រយោជន៍ ។

លោកប៉េង បានបន្តថា : វិនិយោគិនធុរកិច្ចចិនដែលអញ្ជើញមកនេះរួមមាន :ក្រុមហ៊ុនកសិកម្មZhuhai Golden Oasis Agriculture ,ក្រុមហ៊ុនថាមពល Zhuhai Sun Brothers Green Energy, ក្រុមហ៊ុនបច្ចេកវិទ្យាអេឡិចត្រូនិចវ៉ាន់យូ(Wanyou Electrinic Technology )…មកពីខេត្តក្វាងទុង ។

លោកប៉េង បានបន្តថា : នាឆ្នាំចុងក្រោយថ្មីនេះ ក្រុមហ៊ុនទាំងនេះ បានឃើញសក្តានុពលដ៏ធំនៃទីផ្សារកម្ពុជានិងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគបរទេសមកជម្រុញការអភិវឌ្ឍនួសេដ្ឋកិច្ច ។ហេតុនេះជំនួបនេះនឹងផ្តល់នូវឱកាសសម្រាប់វិនិយោគិនក៏ដូចធុរជនចិនសម្រាប់គម្រោងវិនិយៅគរបស់ពួកគេ ។

ក្នុងនោះមាន ទី១-គម្រោងសហគ្រាសឧទ្យានដ៏ធំនៅកម្ពុជាដែលរួមមាន ការស្រាវជ្រាវវិទ្យាសាស្ត្រ ការផលិតគ្រឿងអេឡិចត្រូនិច កសិកម្ម ថាមពលបៃតង…ដែលផលិតផលទាំងនោះនឹងអាចប្រកួតប្រជែងឈ្នះទីផ្សារ ។
ទី២- គម្រោងវិនិយោគលើវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ។
ទី៣-វិនិយោគលើវិស័យកសិកម្មវាលស្មៅបៃតង ពាណិជ្ជកម្មគ្រាប់ធញ្ញជាតិ ថាមពលស្អាតថ្មីនិងការការពារបរិស្ថាន។
ក្នុងនោះ ក្រុមហ៊ុននឹងអនុវត្តតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជាលើគម្រោងថាមពលស្អាត ថាមពលកកើតឡើងវិញ ។

លោកហេង ទី ជាទីប្រឹក្សាក្រុមហ៊ុននិងជាតំណាងលោកស្រីលោកស្រីសេង ពេជ្របញ្ញា អគ្គនាយិកាក្រុមហ៊ុនខេមរិន្ទ បានអោយដឹងថា : ក្រុមហ៊ុនខេមរិន្ទមានផ្ទៃដីហើយស្រេចទំហំ២០៥ហិចតា លើដីបម្រុងទុក៦៥០ហិចតានៅគម្រោងតំបន់សេដ្ឋកិច្ចពិសេសភ្នំឆ័ត្រស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ជាទីដែលភាគីកម្ពុជា ថៃនឹងបើកច្រកព្រំដែនតំបន់ថ្មីមួយនិងមានហេដ្ឋារចនាសម្ព័ន្ធសមស្រប សម្រាប់ផ្តល់ជាទីតាំងដល់វិនិយោគិនពិនិត្យឱកាសវិនិយោគ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា : គម្រោងបើកច្រកតំបន់ថ្មីមួយរវាងស្រុកស្វាយចេកខេត្តបន្ទាយមានជ័យនិងស្រុកតាប្រ៉ាយ៉ាខេត្តស្រះកែវ នេះភាគីទាំងពីរបានចុះសិក្សា ជួបប្រជុំពិភាក្សានិងធ្វើរបាយការណ៍សំណើទៅដល់ក្រសួងមហាផ្ទៃនៃប្រទេសរៀងៗខ្លួនហើយ ។

ឯកឧត្ដម អ៊ុំ.រាត្រី បានបន្តថា : ខេត្តបន្ទាយមានជ័យមានព្រំដែនជាប់នឹងប្រទេសថៃជាង១៥៤ គីឡូម៉ែត្រ ទល់នឹងស្រះកែវនិងខេត្តបូរីរ៉ាំ ក្នុងនោះ រវាងខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ ខេត្តមានច្រកព្រំដែនអន្តរជាតិចំនួន២ : ច្រកព្រំដែនអន្តរជាតិចាស់ប៉ោយប៉ែត-ខ្លងលឹកនៅក្រុងប៉ោយប៉ែត និងស្រុកអារញ្ញប្រាថេត, ច្រកព្រំដែនអន្តរជាតិថ្មីស្ទឹងបត់-បានណងអៀន នៅក្រុងប៉ោយប៉ែត និងស្រុកអារញ្ញប្រាថេត។
ច្រកតំបន់ព្រំដែនចំនួន២ គឺច្រកព្រំដែនតំបន់ម៉ាឡៃ-ណងព្រឺ នៅស្រុកម៉ាឡៃនិងស្រុកអារញ្ញាប្រាថេត ។ច្រកតំបន់ព្រំដែនបឹងត្រកួន-តាប្រ៉ាយ៉ា នៅស្រុកថ្មពួកនិងស្រុកតាប្រ៉ាយ៉ា។
ក៏គ្រោងបើកច្រកព្រំដែនតំបន់៤៣-ណូនម៉ាក់មុននៅស្រុកអូរជ្រៅនិងស្រុកគោកធ្យូង, ច្រកព្រំដែនតំបន់ភ្នំឆ័ត្រ នៅស្រុកស្វាយចេកនិងស្រកតាប្រ៉ាយ៉ា។
និងរវាងខេត្តបន្ទាយមានជ័យនិងខេត្តបូរីរ៉ាំ ក៏គ្រោងបើកច្រកព្រំដែនតំបន់ថ្មីមួយការច្រកជួរភ្នំដងរែកត្រង់បង្គោលព្រំដែនលេខ២៧ នៅស្រុកថ្មពួកនិងស្រុកឡាក់ហានសាយ ផងដែរ។

ឯកឧត្ដមបន្តថា :ក្នុងខេត្ត មានរួចហើយនូវតំបន់សេដ្ឋកិច្ចពិសេសចំនួន៣និងសួនឧស្សាហកម្មចំនួ ១ ។
ខេត្តក៏មានសក្តានុពលលើច្រើនវិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ។ហើយខេត្ត រួមជាមួយខេត្តបាត់ដំបង ពោធិសាត់ ប៉ែលិនក៏ស្ថិតក្នុងជម្រើសបង្កើតប៉ូលសេដ្ឋកិច្ចទី៤ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន និងលោកប្រធានាធិបតីចិនស៊ី ជិនពឹង៕ដោយ៖ឃិន គន្ធា