កំពង់ធំ៖ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣
ឯកឧត្តម បណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី និងឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ងួន រតនៈ បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារសម្រាប់ អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូតូច និងមធ្យម (ភូមិមួយផលិតផលមួយ)។ វេទិកានេះធ្វើឡើងចាប់ពី ថ្ងៃទី៣-៥ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំខេត្តកំពង់ធំ និងតាំងលក់ផលិតផលតាមមាត់ស្ទឹងសែនខាងមុខសាលាខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ក្រុមប្រឹក្សាភិបាលខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរង ក្រុងស្រុកអង្គភាព ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្តផងដែរ អាជ្ញាធរមូលដ្ឋាន អាជីវករ សិប្បករ ឧស្សាហករ សហគមន៍ សមាគម ក្រុមផលិតជាច្រើនអ្នកផងដែត។
ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា វេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ គឺបានចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រ គឺការគៀងគោសក្តានុពលសេដ្ឋកិច្ចក្នុងស្រុកនៃផលិតផល និងសេវាកម្ម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។ ភូមិមួយផលិតមួយ ធ្វើការជាមួយអ្នកផលិតក្នុងស្រុក ធុនមីក្រូ តូចនិងមធ្យម សមាគមធុរកិច្ច (MSMEs/SMEs, ACs) ប្រមាណ២៥០នាក់បានចូលរួម ដើម្បីបង្កើនគុណភាព និងទីផ្សារនៃផលិតផលក្នុងស្រុក។ យើងធ្វើការលើការកសាង បណ្តាញទីផ្សារ ដើម្បីអោយប្រទាក់ក្រឡាគ្នារវាងអ្នកផលិត និងអ្នកទិញយកទៅប្រើប្រាស់ កែច្នៃវេចខ្ចប់ ផលិតផលក្នុងស្រុក ដើម្បីលក់បន្ត និងឈានទៅការនាំចេញ។ លើសពីនេះ យើងទាក់ទងជាមួយអាជ្ញាធរ និង សា្ថប័នពាក់ព័ន្ធ ដើម្បីកសាងបរិយាកាសអំណោយផលសម្រាប់ផលិតផលក្នុងស្រុកឱ្យរីកចម្រើន។ នេះនាំឱ្យមាន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងប្រទេស។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជុំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា៖ គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត–រាជធានីជុំរុញចលនាភូមិមួយផលិតផលមួយ មានសេចក្តីរំភើបរីករាយ ការដឹកនាំគំនិតផ្ដួចផ្ដើម ឱ្យមានជំនួបរវាងផលិតផល និងអ្នកទិញ ដ៏មានសារៈសំខាន់នេះ ដែលមានគោលបំណងកាត់បន្ថយកុំលាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញសក្តានុភាព ប្រកបដោយប្រសិទ្ធភាព និងសុច្ចរិតភាព។
ឯកឧត្តមបណ្ឌិតបានបន្តថា : តាមរយៈការបង្កើតយន្តការតភ្ជាប់បណ្ដាញប្រទាក់ក្រឡាគ្នាប្រកបដោយអត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេចខ្ចប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បកររហូតដល់អ្នកប្រើប្រាស់) ហើយពួកគាត់អាចសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។ ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយបញ្ហាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចុះបញ្ជីឬច្បាប់គតិយុត្តិផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្ម ឱ្យកាន់តែមានទំនុកចិត្ត និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃខេត្តបន្ទាយកំពត និងប្រទេសកម្ពុជាទាំងមូល និងបង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋានផងដែរ។
ជាចុងបញ្ចប់ នៃកម្មវិធីគណៈអធិបតីក៏បាន អញ្ជើញទស្សនានូវការតាំងផលិតផលនានា ដែលមានដូចជា សំលៀកបំពាក់ ក្រម៉ាសូត្រខ្មែរ ចំណីអាហារកែច្នៃ ភេសជ្ជៈ ស្រាផ្លែឈើ ស្រាផ្លែមាន ផលិតផលកសិកម្ម ចម្លាក់ សិល្បៈ និងរបស់ប្រើប្រាស់ផ្សេងៗប្រចាំថ្ងៃ៕
សូមបញ្ជាក់ថា ឆ្នាំនេះពួកយើងមានគម្រោងរៀបចំវេទិកានេះនៅ១៥ខេត្ត-ក្រុង រួមមាន៖ សៀមរាប កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ឧត្តរមានជ័យ កណ្តាល កំពត កោះកុង ពោធិ៍សាត់ កំពង់ធំ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ស្ពឺ និងស្វាយរៀងផងដែរ៕
ដោយលោក ធូ កែវមុន្នី