សៀមរាប នារសៀលថ្ងៃទី០៨ខែតុលា ឆ្នាំ២០១៤ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានធ្វើកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផនៃការត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេស និងការងារចុះអធិការកិច្ច ហត្ថពលកម្មបរទេសនេះ ក្រោមវត្តមានរបស់នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង មានវត្តមានផងដែរ លោកឃឹម ប៊ុនសុង អភិបាលនៃគណអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តសៀមរាប ។
បន្ទាប់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ធ្វើសេចក្តីរាយការណ៍បានឲ្យដឹងថា នៅខេត្តសៀមរាប ! ស្ថិតិអន្តោប្រវេសន៍ឆ្នាំ២០០២ មានចំនួន៩៩៧គ្រួសារ ១សញ្ជាតិវៀតណាម ស្មើនិង២ពាន់៣៨២នាក់ ។ តាមការចុះត្រួតពិនិត្យ ! ស្ថិតិអន្តោប្រវេសន៍ឆ្នាំ២០០២នេះ មានមុខជាក់ស្តែងនៅក្នុងឆ្នាំ២០១៤ ចំនួន១៩១គ្រួសារ ១សញ្ជាតិវៀតណាម ស្មើនឹង ៧៤៧នាក់ ។
តាមស្ថិតិជនបរទេស ដែលរស់នៅខុសច្បាប់ក្នុងខេត្តសៀមរាប ក្រៅពីចំនួនជនបរទេសបែបអន្តោប្រវេសន៍ខាងលើ គឺមានចំនួន ១ពាន់២៥៤គ្រួសារ ១សញ្ជាតិវៀតណាម ស្មើនឹង ៣ពាន់៨៧៤នាក់នៅក្នុងនេះអាយុ១៨ឆ្នាំឡើងចំនួន២ពាន់៤៥២នាក់។ក្នុងពិធីប្រជុំផ្សព្វផ្សាយ លទ្ធផលត្រួតពិនិត្យការងារគ្រប់គ្រងជនបរទេស តាមសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ និង ផ្សព្វផ្សាយលទ្ធផល ការងារចុះអធិការកិច្ចហត្ថពលកម្មបរទេសតាមសេចក្តីប្រកាសរួម
រវាងក្រសួងមហាផ្ទៃជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្ថិតិពលករបរទេសដែលកំពុងបម្រើការងារនៅក្នុងខេត្តសៀមរាបមានចំនួន ៣៥៣ទីតាំងអាជីវកម្ម ស្មើនឹងចំនួនពលករ ១ពាន់៦៦៤នាក់ ក្នុងនេះមានពលការិនី ៦១៣នាក់ ស្មើនឹង៤៦សញ្ជាតិ នៅក្នុងនេះមានពលករបរទេសបំរើការងារដោយស្របច្បាប់ចំនួន ២៧៥នាក់ ( ស្រី១២០នាក់ ) ស្មើនឹង២៤សញ្ជាតិ ។
លោកឃឹម ប៊ុន សុង អភិបាលខេត្ត និង ជាប្រធានគណបញ្ជាការឯកភាពខេត្តសៀមរាប បានវាយតម្លៃខ្ពស់ ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែលទើបនឹងបង្កើតឡើង តែបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីសម្រេចតាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា នៅខេត្តសៀមរាប មានជនជាតិបរទេសមកស្នាក់រស់នៅ និង ប្រកបអាជីវកម្ម ទាំងអ្នកស្របច្បាប់ និង មិនស្របច្បាប់ មានចំនួនច្រើន សំខាន់បងប្អូនជនជាតិវៀតណាម ។
នាយឧត្តមសេនីយ៍សុខផលអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានលើកឡើងនៅក្នុងអង្គប្រជុំផ្សព្វផ្សាយនេះថា៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវបានប្រកាសបង្កើតឡើង កាលពីក្នុងអំឡុងខែមេសា ឆ្នាំ២០១៤ កន្លងមកថ្មីៗនេះ និង បានចង្អុលបង្ហាញឲ្យអនុវត្តនៅតាមបណ្តារាជធានី ខេត្ត ក្រុងទូទាំងប្រទេសដើម្បីរួមចំណែកធ្វើឲ្យសន្តិសុខជាតិកាន់តែល្អស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមកាន់តែប្រសើរ ការអនុវត្តលើការ ងារគ្រប់គ្រងជនបរទេស ឲ្យកាន់តែមានភាពសមស្របផងដែរ ។
នេះគឺជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាបាល បានដាក់ចេញ ។ នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សុខ ផលបានបញ្ជាក់ថាតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាជនអន្តោប្រវេសន៍ស្របច្បាប់ ឬជនដែលមានឈ្មោះនៅក្នុងបញ្ជីអន្តោប្រវេសន្តគឺមានសិទ្ធិសុំប្រកាសសុំស្នើប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍។ ជនអន្តោប្រវេសន៍ស្របច្បាប់ស្នាក់នៅបានរយៈពេល៧ឆ្នាំ(សម្រាប់មនុស្សចាស់) ស្នាក់បានរយៈពេល៣ឆ្នាំ(សម្រាប់មនុស្សក្មេង) អាចមានសិទ្ធិទាមទារសញ្ជាតិ។
កូនរបស់ជនអន្តោប្រវេសន៍ស្របច្បាប់ ពេលប្រសូត្រមក តាមច្បាប់សញ្ជាតិ មាត្រា៣ អាចទទួលបាននូវសញ្ជាតិខ្មែរ ។ក្នុងឱកាសនៃកិច្ចប្រជុំនេះផងដែរនាយឧត្តមសេនីយ៍សុខផល បាននាំយកអំណោយសម្ភារៈមធ្យោបាយមួយចំនួនទៅផ្តល់ជូនការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងនោះរួមមាន ម៉ូតូ១គ្រឿង កុំព្យូទ័រ ៥ គ្រឿង និង រថយន្ត ចំនួន ១គ្រឿង លោកឃឹម ប៊ុនសុងផ្តល់ជូននូវម៉ូតូ១គ្រឿងដើម្បីសម្រាប់ជាមធ្យោបាយប្រើប្រាស់បម្រើការងារក្នុងអង្គភាពផងដែរ ៕




































