កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បំណងប្រាថ្នាធំបំផុតរបស់យើងគឺ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើង បង្កបង្កេីនផលហើយទទួលបានទិន្នផលខ្ពស់ មិនប្រឈមនឹងការខូចខាត ឬបាត់បង់តម្លៃនៅលើទីផ្សារឡេីយ ។
ការថ្លែងបែបនេះក្នុងឱកាសនាំយកពូជស្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុង ប្រមាណ ៣២,៧តោន ផ្តល់ជូនប្រជាកសិករ នៅស្រុកស្ទឹងត្រង់ និងស្រុកជេីងព្រៃ ចំនួន ៣២៤គ្រួសារ នៅសាលាស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុង កម្ពុជាចំនួន ៣២.៧០០គីឡូក្រាម ជូនដល់បងប្អូនប្រជាកសិករ ៣២៤គ្រួសារ ក្នុងនោះប្រជាពលរដ្ឋ ក្នុងឃុំព្រែកក់ ស្រុកស្ទឹងត្រង់ មានចំនួន ២៨៧គ្រួសារ និងប្រជាពលរដ្ឋ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ មានចំនួន ៣៧គ្រួសារ ដោយ័ក្នុង ១គ្រួសារ ចំនួន ១០០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល ដើម្បីធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ព្រមទាំងចាត់មន្ត្រីជំនាញឱ្យចុះបង្ហាត់បង្រៀនពីរបៀបនៃការដាំដុះផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្ត្រីជំនាញនៃមន្ទីរកសិកម្ម សំដៅធ្វើយ៉ាងណាត្រូវចុះទៅដល់ទីតាំងដោយផ្ទាល់ ដេីម្បីស្វែងយល់ និងរៀនសូត្រពីអ្វីដែលកសិករកំពុងតែអនុវត្ត នេះជារឿងសំខាន់បំផុត ក្នុងការជួយដល់កសិករឱ្យទទួលបានទិន្នផលខ្ពស់ ។
ឯកឧត្តមរដ្ឋលេខាធិកា បានបន្តថា អ្វីដែលខ្ញុំចង់ឱ្យមន្ត្រីជំនាញជួយដល់កសិករយេីងបន្ថែមនោះ គឺត្រូវស្វែងយល់ពីតំបន់នេះថា តេីអាចកាត់បន្ថយថ្លៃចំណាយ ជាពិសេសគឺជី ព្រោះបច្ចុប្បន្ននេះកសិករយេីង បានប្រេីប្រាស់ជីអស់ជាច្រើន ដូច្នេះយេីងត្រូវកាត់បន្ថយការប្រេីប្រាស់ជី ហើយរក្សាទិន្នផលបានដែរឬអត់? នេះជារឿងសំខាន់ ដែលត្រូវស្វែងយល់ ហើយត្រូវជួយដល់កសិករក្នុងរឿងហ្នឹង ។ ពាក្យថា កាត់បន្ថយថ្លៃដើម គឺបង្កើនការចំណេញដល់កសិករ គឺត្រូវចេះតម្រង់ទិស និងបង្កើនលទ្ធភាពលើការផលិត ដោយមុខងាររបស់ក្រសួងកសិកម្ម គឺត្រូវស្វែងយល់ពីដំណាំផ្សេងៗទៀត ក្រៅពីដំណាំស្រូវ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុង សំអាត ក៏បានបញ្ជាក់ថា ក្រសួងកសិកម្មសំរិតសម្រាងពូជជូនហើយ គឺពូជស្រូវ OM5451 ជាពូជដែលមិនប្រកាន់ចំពោះរដូវកាលទេ ហើយរយៈពេលនៃការប្រមូលផលគឺ ៩០ទៅ៩៥ថ្ងៃ នេះជារយៈពេលខ្លី ដែលអាចទទួលបានទិន្នផលខ្ពស់ ដូច្នេះនៅពេលដែលបងប្អូនទទួលបានពូជស្រូវនេះហើយ សូមយកទៅធ្វើការដាំដុះឱ្យបានទាន់ពេលវេលា ដើម្បីស្តារជីវភាពគ្រួសារឡើងវិញផងដែរ ៕