ខេត្តកែប: លោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្តកែប ណែនាំ ដល់មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះប្រចាំឆ្នាំ ២០២៤- ២០២៦ ត្រូវសហការជាមួយ រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
អភិបាលរងខេត្ត បានថ្លែងដូចនេះ ក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតី ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤_២០២៦ របស់រដ្ឋបាលក្រុងកែប និងស្រុកដំណាក់ចង្អើរ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ។
លោកអភិបាលរងខេត្តបញ្ជាក់ថា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងឃុំ សង្កាត់ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដូចនេះក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលជាតំណាងឱ្យប្រជាជន សូមលើកឡើងនូវគម្រោង ឬសកម្មភាពជាអាទិភាព ដែលស្នើឡើងដោយមូលដ្ឋាន ត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ និងសង្កាត់ របស់ខ្លួន ដើម្បីស្វែងរកប្រភពថវិកាគាំទ្រ។
លោកបន្តថារាល់គម្រោងដែលទទួលបានការគាំទ្រ និងបានចុះកិច្ចសន្យានៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលក្រុងកែប និងស្រុកដំណាក់ចង្អើរ ក៏ដូចជាបណ្តាឃុំ សង្កាត់ ដែលទទួលបាននូវគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ដើម្បីឱ្យដំណើរការនៃអង្គសិក្ខាសាលានេះប្រព្រឹត្ដទៅប្រកបដោយជោគជ័យ លោក អ៉ឹម បញ្ញរិទ្ធ បានស្នើអោយតំណាងមន្ទីរជំនាញ និងដៃគូរអភិវឌ្ឍនានាយកចិត្ដទុកដាក់ពិនិត្យពិចារណាបន្ថែមទៀតទៅលើតម្រូវការគម្រោងអាទិភាពរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដែលមានក្នុងតារាងម៉ាទ្រិចទាំងអស់ ដែលបានចែកជូន ដើម្បីជ្រើសរើសនូវគម្រោងដែលសមស្របទៅនឹងទិសដៅវិស័យរបស់ខ្លួន ហើយមន្ទីរជំនាញ ឬដៃគូរអភិវឌ្ឍន៍គិតថាមានថវិកាជាស្រេច ដែលផ្ដល់ដោយក្រសួង ស្ថាប័ន ឬពីម្ចាស់ជំនួយផ្សេងៗ សម្រាប់គាំទ្រគម្រោងអាទិភាព របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ដើម្បីអភិវឌ្ឍន៍នៅមូលដ្ឋានអោយទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
លោក ខេង យ័ន អភិបាលក្រុងកែប ក៏ដូចជា លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ លើកឡើងថា សិក្ខាសាលាសមាហរណកម្ម ផែនការវិនិយោគបីឆ្នាំរំកិលនេះ ជាឱកាស ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល (២០២៤- ២០២៦) និងគៀគរប្រភពធនធាន ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាព សម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ និងសម្របសម្រួលធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ក្រុង ស្រុក ជាមួយនឹងគម្រោងនៃកម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ និងដើម្បីស្នើសុំការ គាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជនផងដែរ។
សូមបញ្ជាក់ថា គម្រោងដែលបានស្នើឡើង ពីសកម្មភាពអាទិភាពរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៤-២០២៦ ដែលបានលើកឡើង ក្នុងឆ្នាំ២០២៣ មានចំនួន ៤៩៣ គម្រោង ក្នុងនោះមាន ៤វិស័យ៖ វិស័យសេដ្ឋកិច្ច ១៨៥គម្រោង វិស័យសង្គមកិច្ច ១៣៩គម្រោង វិស័យគ្រប់គ្រងការងារដីធ្លី បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ចំនួន១០០គម្រោង និងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ចំនួន ៦៩ គម្រោង ។
ជាលទ្ធផលបណ្តោះអាសន្ននៃសិក្ខាសាលានេះគម្រោងរបស់ក្រុងកែប ទទួលការគាំទ្រ សរុបមានចំនួន ៩៨គម្រោង(គម្រោងក្នុង)ស្មើនិង ១៩.៨៨% និង២គម្រោង(គម្រោងក្រៅ) ។
ដោយឡែកសម្រាប់ស្រុកដំណាក់ចង្អើរមានគម្រោងសរុបចំនួន២២៥គម្រោង ក្នុងនោះ ផ្នែកសេដ្ឋកិច្ចមាន៦១គម្រោង ផ្នែកសង្គមកិច្ចមាន៩៧គម្រោង ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុមាន ៣០គម្រោង និងផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមាន ៣៧គម្រោង ។
ជាលទ្ធផលបណ្តោះអាសន្ននៃសិក្ខាសាលានេះគម្រោងរបស់ស្រុកដំណាក់ចង្អើរ ដែលទទួលការគាំទ្រ សរុបមានចំនួន៧៨គម្រោង(គម្រោងក្នុង) ស្មើ ៣៥.១១% និង១៧គម្រោង(គម្រោងក្រៅ)៕ សេង ណារិទ្ធ