ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ អង្គការកម្ពុជានៃក្តីសង្ឃឹម(CHO :Cambodia Hope Organization) ផ្ដើមបង្កើតវិទ្យាស្ថាននេះថានឹងបានផ្តល់ដល់ការជ្រើសរើសនិងការសម្រេចចិត្តរបស់យុវជន យុវនារីដែលជាសិស្សបញ្ចប់ការសិក្សាចំណេះទូទៅកម្រឹតមធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិនៅមូលដ្ឋាននៃស្រុកក្រុងទាំង៣គឺក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅនិងស្រុកម៉ាឡៃ ដែលដែលនៅជិតនឹងទីតាំងវិទ្យាស្ថានរបស់អង្គការ នេះបើតាមការប្រាប់អោយដឹងរបស់លោកអ៊ិន ជំនោ អគ្គនាយកនៃអង្គការកម្ពុជានៃក្តីសង្ឃឹម(CHO) និងសាស្ត្រាចារ្យជៀម សិទ្ធិ អោយនាថ្ងៃទី ៥ វិច្ឆិកា ២០២៣។
លោកអន ស៊ុ និងលោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ព្រមទាំងប្រធានការិយាល័យអប់រំស្រុកក្រុងបានថ្លែងដូច្នេះក្នុងពេលអញ្ជើញក្នុងកិច្ចសំណេះសំណាលស្តីពីការបង្កើតវិទ្យាស្ថានឯកទេសវិជ្ជាជីវ:(Specialized Vocational Institute)នាសួនក្នុងអង្គការកម្ពុជានៃក្តីសង្ឃឹម(CHO:Cambodia Hope Organization)នៅផ្លូវជាតិលេខ៥៩ភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត។
ពិធីនោះមានវត្តមានចូលរួមពីប្រធានការិយាល័យអប់រំ និងកីឡានិងនាយក នាយករងនៃអនុវិទ្យាល័យ វិទ្យាល័យទាំងអស់មកពីក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅនិងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ។
លោកអ៊ិន ជំនោ អគ្គនាយកនៃអង្គការកម្ពុជានៃក្តីសង្ឃឹម(CHO) និងសាស្ត្រាចារ្យជៀម សិទ្ធិ បានធ្វើការបង្ហាញខ្លីពីគោលបំណង នៃការបង្កើតវិទ្យាស្ថាននេះថានឹងបានផ្តល់ដល់ការជ្រើសរើសនិងការសម្រេចចិត្តរបស់យុវជន យុវនារីដែលជាសិស្សបញ្ចប់ការសិក្សាចំណេះទូទៅកម្រឹតមធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិនៅមូលដ្ឋាននៃស្រុកក្រុងទាំង៣គឺក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅនិងស្រុកម៉ាឡៃ ដែលដែលនៅជិតនឹងទីតាំងវិទ្យាស្ថានរបស់អង្គការ។
លោកបានបន្តថា: ចំពោះមុខវិជ្ជាជំនាញដែលនឹងសិក្សាគឺត្រូវឆ្លើយតបនឹងទីផ្សារការងារបច្ចុប្បន្នភាពក្នុងសម័យទំនើបដូចជាជំនាញភាសាអង់គ្លេសលម្អិត(Intensive English Program) ,ជំនាញព័ត៌មានវិទ្យា(IT) និងជំនាញអគ្គីសនីនិងឧបករណ៍(Electrics & Devices) ជាដើម ។
សម្រាប់សិស្សបញ្ចប់ការសិក្សាថ្នាក់ទី៩(ឌីប្លូម) ដល់ថ្នាក់ទី១២ ការសិក្សាមានរយ:ពេល១ឆ្នាំ ។
និងសិស្សបញ្ចប់ថ្នាក់ទី១២(បាក់ឌុប) ការសិក្សាមានរយ:ពេល២ឆ្នាំ ។
សាស្ត្រាចារ្យ គ្រូបង្រៀន សហគ្រិន អ្នកជំនាញនានាគឺជាគ្រូបណ្តុះបណ្តាលដល់សិស្ស និស្សិតនៅទីនេះជាមួយនឹងឧបករណ៍ឧបទ្ទេស បរិធានបច្ចេកទេស ទីតាំងមាននិយាមនិងបរិស្ថានល្អ ព្រមទាំងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងតែម្តង ។
លោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ដែលជាអតីតប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តនិងលោកអន ស៊ុ សមាជិកព្រឹទ្ធសភា ដែលជាអតីតអភិបាលខេត្តបន្ទាយមានជ័យបានចាត់ទុកគម្រោងនៃអង្គការកម្ពុជានៃក្តីសង្ឃឹមដែលបង្កើតវិទ្យាស្ថានឯកទេសវិជ្ជាជីវ:(SVI) នៅតំបន់អតីតសមរភូមិសង្គ្រាម តែបច្ចុប្បន្នជាតំបន់មានសុខសន្តិភាពក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន ហើយមានការអភិវឌ្ឍន័ តំបន់ព្រំដែននិងមានសក្តានុពលសេដ្ឋកិច្ចនេះ ថាបានផ្តល់ឱកាសដល់យុវជននៅនឹងមូលដ្ឋាន។
ពោលគឺពួកគេដែលមានលំនៅដ្ឋាននៅក្នុងតំបន់អាចចូលទៅសិក្សាយកជំនាញកម្រឹតមធ្យមសិក្សាឯកទេសនិងកម្រឹតដំបូងនៃឧត្តមសិក្សា។
ហើយពួកគេនឹងវិលទៅរកការងារធ្វើឬបង្កើតរបរបានដោយផ្ទាល់តែម្តង ។
លោកឈើយ ចាន់ណា និងលោកអន ស៊ុ បានថ្លែងបន្តថា: ភូមិសាស្ត្រ ប្រជាសាស្ត្រនិងសក្តានុពលនៅស្រុក ក្រុងទាំង៣ខាងលើផ្តល់អំណោយផលល្អដល់គម្រោងវិទ្យាស្ថាននិងក៏ផ្តល់ភាពងាយស្រួលដល់សិស្សបញ្ចប់ការសិក្សាកម្រឹតមធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិដែលត្រួវមកស្វែងរកការសិក្សាជំនាញបច្ចេកទេសសម្រាប់យកទៅរកការងារធ្វើនិងប្រកបរបររកស៊ីតែម្តង ។
ទាក់ទិនគម្រោងនេះ នាយករង នាយកនិងប្រធានការិយាល័យអប់រំ យុវជននិងកីឡាមកពីស្រុកក្រុងទាំង៣ ចាប់អារម្មណ៍ថា :ពួកគេរួមនឹងលោកគ្រូអ្នកគ្រូនិងមាតាបិតា អាណាព្យាបាលសិស្សនឹងជួយជាឈ្នួនជម្រុញ និងបង្ហាញផ្លូវដល់សិស្សនិងកូនចៅពួកគេមកពិនិត្យលទ្ធភាពនិងឱកាសសិក្សានៅទីនេះ ។
សូមបញ្ជាក់ថា គម្រោងសិក្សាបង់ថ្លៃមួយនេះ មានសម្រាប់ថ្ងៃច័ន្ទ-សុក្រនិងថ្ងៃសៅរ៍-អាទិត្យ នៅគម្រោងវិទ្យាស្ថានឯកទេសវិជ្ជាជីវ: នេះនឹងចាប់ទទួលសិស្សចុះឈ្មោះចូលរៀនពីពេលនេះតទៅ ។
ឯដំណើរការសិក្សានឹងចាប់ពីថ្ងៃទី១៥ខែមករាឆ្នាំ២០២៤ ខាងមុខ ៕