ខេត្តរតនគិរី៖ បឹងកន្សែង គឺជាបឹងមួយស្ថិតនៅចំកណ្តាលបេះដូង នៃខេត្តរតនគិរី ក្នុងចំណោមតំបន់រមណីដ្ឋានទេសចរសំខាន់ៗជាច្រើនទៀត និងជាទីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ អោយចូលមកកម្សាន្តកាន់តែមានសន្ទុះកើនឡើង និងអាចជួយបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ដល់ប្រជាពលរដ្ឋ ពិសេសអ្នករកប្រាក់ចំណូលពីឧស្សាហកម្មគ្មានផ្សែង នៅក្នុងខេត្តភាគឦសានមួយនេះ។
ដើម្បីប្រែក្លាយសម្រស់តំបន់រមណីដ្ឋាន «បឹងកន្សែង» អោយក្លាយទៅជាទីទាក់ទាញដ៏មានសក្តានុពលនោះ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានដឹកនាំមន្ត្រីអ្នកមុខ អ្នកការនៅក្នុងខេត្ត សាងសង់អាស្រមថ្មីចំនួនពីរ ជូនលោកតា ជួង និងលោកតា ខាំឡែន ដោយធ្វើពិធីបញ្ចុះបឋមសិលា និងកែលម្អរជុំវិញបរិវេណបឹង នៅថ្ងៃទី១៧ឧសភា២០២៤ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកកម្សាន្តនៅក្នុងពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៤ នាខែវិច្ឆិកា ខាងមុខនេះ។
អាស្រម លោកតាជួង និងលោកតាខាំ ឡែន ត្រូវបានសាងសង់ឡើងក្នុងទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ សង់នៅលើទីតាំងចាស់ និងលើកកម្ពស់ខ្ពស់ជាងផ្លូវ ៦តឹក។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថា «បឹងកន្សែង» គឺស្ថិតនៅចំកណ្តាលបេះដូងក្រុងបានលុង នៃខេត្តរតនគិរី និងដើម្បីលើកកម្ពស់សោភណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅបរិវេណ ជុំវិញរមណីយដ្ឋានបឹងកន្សែងនេះ ឱ្យសក្តិសមជារមណីយដ្ឋានប្រវត្តិសាស្រ្ត និងជាទីកន្លែងកម្សាន្ត សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ លោកបានដាក់ចេញនូវគម្រោងកែលម្អរ ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានមួយនេះ អោយរិតតែស្រស់ត្រកាលថែមទៀត។
លោកអភិបាលខេត្ត បានបន្តថា គម្រោងកែលម្អររហេដ្ឋារចនាសម្ព័ន្ធ ជុំវិញមាត់បឹងកន្សែង មានការសម្អាតកាយចកដែលដុះលយចូលផ្ទៃបឹងផ្នែកខាងត្បូង មានការពង្រីកផ្លូវដោយធ្វើការចាក់បេតុង ដាក់លូបង្ហូរទឹក រៀបស្នូរបេតុងគែមផ្លូវ រៀបចំការ៉ូឡាចិញ្ចើមផ្លូវ សួនច្បារជុំវិញបឹង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សម្អាតទីធ្លារនៅជុំវិញបរិវេណមាត់បឹងកន្សែងដើម្បីរៀបចំដាក់សួរច្បារ បង់អង្គុយលេង និងកន្លែងហាត់ប្រាណ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ សង់រូបសំណាកសត្វដំរី សត្វអក ដែលជាសត្វបក្សា បក្សី រំលេចក្នុងបទចម្រៀង «អធិរាជាសម្លេងមាសស៊ិន ស៊ីសាមុត (អកបឹងកន្សែង)» និងការសាងសង់បង្គន់អនាម័យសាធារណៈជាដើម។
លោកអភិបាលខេត្តរតនគិរី ញ៉ែម សំអឿន បានបន្តថា បន្ទាប់ពីការកែសម្អររួច «បឹងកន្សែងនឹងក្លាយជាកន្លែងដែលមានបរិស្ថានស្អាត រមណីយដ្ឋានស្អាត សោភណ្ឌភាពស្រស់បំព្រង» ប្រកបដោយភាពទាក់ទាញ នៅក្នុងអំឡុងពេលនៃពិធីបុណ្យអុំទូកក្នុង ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលនឹងត្រូវឈានចូលមកដល់ នាពេលខាងមុខនេះ។
ជុំវិញការសាងសង់រូបសំណាក និងកែលម្អរ«បឹងកន្សែង»នេះ មន្ត្រីរាជការ ក៏ដូចប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានសម្តែងការកោតសរសើរ និងមានមោទនភាពជាពន់ពេក នូវគ្រប់សកម្មភាពដឹកនាំដ៏ប៉ិនប្រសព្វរបស់ លោកអភិបាលខេត្ត ញ៉ែម សំអឿន និងគណៈអភិបាលខេត្តរតនគិរី ក្នុងចក្ខុវិស័យលើការកសាង និងអភិវឌ្ឍន៍ខេត្តភាគឦសាន្តមួយនេះ ជាពិសេសការងារអនាម័យ បរិស្ថាន និងការកែលម្អរសោភ័ណ្ឌក្រុងបានលុង អោយមានសោភណ្ឌសម្រស់ស្រស់បំព្រង មិនចាញ់បណ្តាខេត្តនានា នោះឡើយ៕ដោយ៖ឡុង សំបូរ