ឆ្នេរអង្កោលកាន់តែមានភាពទាក់ទាញ ស្របពេលក្រុមអាជីវករកាន់តែយល់ដឹងអំពីបរិស្ថាន

0

ខេត្តកែប: ជាការពិតណាស់ ការរស់នៅប្រកបដោយអនាម័យ មានបរិយាកាសល្អ នឹងបានធ្វើអោយជីវិតមានភាពស្រស់ស្រាយ សុខភាពល្អ មានសុភមង្គល។យ៉ាងណាមិញ ឆ្នេរអង្កោលដែលជារមណីយដ្ឋានស្ថិតក្នុងអាណាចក្រខេត្តកែប បាននិងកំពុងមានភាពលេចធ្លោ ខណ:ក្រុមអាជីវករលក់ដួូរ និងភ្ញៀវទេសចរ កាន់តែយល់ដឹង ពិសេសចូលរួមសម្អាតបរិស្ថាន ដូចជាការទុកដាក់កាកសំណល់សេសសល់ និងសំរាម បានត្រឹមត្រូវ ដោយមិនបោះចោលរប៉ាត់រប៉ាយដូចមុនៗទៀតឡើយ។

គេនៅចាំបានដែរថា កាលពីពេលកន្លងទៅតំបន់រមណីយដ្ឋានឆ្នេរអង្កោលនេះ តែងតែមានសំរាមដែលលាយឡំគ្នាជាមួយស្លឹករុក្ខជាតិគ្រប់ប្រភេទ បានរសាត់អណ្តែតតាមផ្ទៃទឹកសមុទ្រ មកកកកុញនៅនឹងមាត់ឆ្នេរអង្កោលជានិច្ច ប៉ុន្តែនាពេលថ្មីៗនេះ ថ្នាក់ដឹកនាំខេត្តកែបបានជំរយញដល់មន្ទីរជំនាញបានធ្វើកម្មវិធីស្តីពីការអនាម័យសម្អាតបរិស្ថាន ដោយសហការជាមួយអាជ្ញាធរក្នុងតំបន់ រួមនិងអាជីវករ ធ្វើការសម្អាតប្រមូលសំរាម កាកសំណល់ច្រកថង់ប្លាស្ទិកគរទុកមួយកន្លែងៗ រួចដឹកតាមរថយន្តយកទៅទីតាំងទុកដាក់កាកសំណល់យ៉ាងត្រឹមត្រូវ។

ដោយសារឆ្នេរអង្កោលកាន់តែមានភាពទាក់ទាញបែបនេះ មហាជនភាគច្រើនមកពីបណ្តាខេត្តឆ្ងាយ ពិសេសអ្នកនៅរាជធានីភ្នំពេញ បាននាំគ្នាធ្វើដំណើរមកលេងកំសាន្ត នៅមាត់ឆ្នេរអង្កោលកាន់តែច្រើនឡើងៗ មិនសំដោលើថ្ងៃសៅរ៍ឬថ្ងៃអាទិត្យនោះឡើយ។

ជាមួយគ្នានេះ នៅរមណីយដ្ឋានឆ្នេរអង្កោល ក៏មានលក់អាហារគ្រឿងសមុទ្រ គ្រប់ប្រភេទ ស្រស់ៗមានរសជាតិឆ្ងាញ់ មិនចាញ់អាហារគ្រឿងសមុទ្រនៅមាត់ឆ្នេរកែបនោះឡើយ ហើយតម្លៃសមរម្យអាចទទួលយកបានទៀតផង។

ដូច្នេះបើបងប្អូនមានបំណងចង់ទៅស្រូបយកខ្យល់អាកាសដ៏បរិសុទ្ទ ប្រកបដោយបរិយាកាសល្អ ខ្យល់បក់ត្រជាក់ស្រួល សូមធ្វើដំណើរឆ្ពោះទៅលេង លំហែ នៅមាត់ឆ្នេរអង្កោល ដែលមានចម្ងាយពីរមណីយដ្ឋានឆ្នេរកែបប្រមាណ9គ.ម ដោយធ្វើដំណើរតាមផ្លូវប្របមាត់សមុទ្រ ដែលទើបតែស្ថាបនារួចរាល់ ដែលមានទំហំធំទូលាយងាយស្រួលធ្វើដំណើរ ដោយនៅអមសងខាងផ្លូវគ្របដណ្តប់ដោយទេសភាពព្រៃកោងកាងយ៉ាងស្រស់បំព្រង៕ សេង ណារិទ្ធ