ខេត្តព្រះវិហារ៖ ការអំពាវនាវរបស់ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានធ្វើឡើងនាថ្ងៃទី៦មិថុនា២០២៤ ក្នុងពិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែប្រែគុណភាពដីរហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានលើកឡើងថា ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា២០២៤ នាឱកាសនេះ គឺចង់បង្ហាញឱ្យឃើញ ពីសារៈសំខាន់ នៃការចូលរួមទាំងអស់គ្នា ដែលប្រជាជនកម្ពុជា ស្រឡាញ់ទឹកដី ស្រឡាញ់បរិស្ថាន ធម្មជាតិ ស្រឡាញ់ភាពស្រស់បំព្រងនៃធម្មជាតិ និងចូលរួមថែរក្សាការពារទាំងអស់គ្នា ដើម្បីឱ្យប្រទេសកម្ពុជា ដែលជាប្រទេសសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ នៅតែរក្សាភាពបៃតង និងស្រស់ស្អាតជានិច្ច។
លោកអភិបាលខេត្តព្រះវិហារ បានបន្តថា ទិវានេះនឹងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការផ្តួចផ្តើម ធ្វើសកម្មភាពមេត្រីបរិស្ថាន ចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ ក្នុងការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ដោយមិនបោះចោលពាសវាលពាសកាលនៅទីសាធារណៈ ជាហេតុ មិនធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព ប្រទេសកម្ពុជា របស់យើង។
លោក គីម រិទ្ធី បានថ្លែងទៀតថា យើងទាំងអស់គ្នាក៏អាចចូលរួមលើកស្ទួយវិស័យបរិស្ថាន ដោយអនុវត្តសកម្មភាពងាយៗ ក្នុងការប្រតិបត្តិមេត្រីភាពបរិស្ថាន ការសំអាតអនាម័យបរិស្ថានតាមលំនៅដ្ឋាន តាមទីសាធារណៈ តាមអង្គភាពរបស់ខ្លួន ការទុកដាក់សំរាម សំណល់ផ្សេងៗ ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងការចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីឱ្យមានភាពបៃតងស្រស់បំព្រង ប្រកបដោយផាសុកភាព។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ដាស់តឿនដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវសហការប្រើប្រាស់វិធានការសរុប កម្លាំងសរុប ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជលផល ព្រៃឈើ ការទន្ទ្រានដីព្រៃខុសច្បាប់ ឱ្យបានជាប់ជាប្រចាំ និងម៉ឺងម៉ាត់បំផុត ត្រូវចូលរួមរៀបចំសកម្មភាព និងបំផុសចលនាការដាំដើមឈើឱ្យច្រើន នៅតាមទីសាធារណៈ នៅតាមតំបន់ការពារ តំបន់អភិរក្ស និងទីកន្លែងផ្សេងៗ ដើម្បីរក្សានូវគម្របព្រៃឈើ ទប់លំនឹងនៃការប្រែប្រួលអាកាសធាតុ ស្របតាមទិសដៅអាទិភាព នៃការបង្កើនគម្របព្រៃឈើឱ្យបាន ៦០ភាគរយ នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងការអភិរក្សជីវចម្រុះ ប្រកបដោយចីរភាព និងត្រូវចូលរួមអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ក្នុងការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤នេះតទៅ៕ដោយ៖ឡុង សំបូរ