អភិបាលខេត្តកំពត ចែកបណ្ណកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋក្នុងក្រុងកំពត និងស្រុកទឹកឈូ

0

ដោយ សេង ណារិទ្ធ
ខេត្តកំពត:  អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញបានបន្តចែកបណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងក្រុងកំពត និងស្រុកទឹកឈូ ដែលមានបណ្ណសរុប ១,០៨៧បណ្ណ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តសុវណ្ណសាគរ ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។

ក្នុងឱកាសចែកបណ្ណកម្មសិទ្ធដីធ្លីនេះ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជាយើងក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានធ្វើឱ្យប្រទេសយើងមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យដីធ្លី។ ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូលមានសន្តិភាពពេញបរិបូណ៌។

ឯកឧត្ដម អភិបាលខេត្តបានបន្តថា ក្រោមម្លប់នៃសុខសន្តិភាពនេះ ពិតជាបានផ្ដល់ឱ្យប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស រស់នៅយ៉ាងសុខសាន្ត ប្រកបដោយលំនឹងផ្លូវចិត្ត ក្នុងបរិបទនៃការអភិវឌ្ឍន៍ និងការរីកចម្រើនឥតឈប់ឈរលើវិស័យសេដ្ឋកិច្ច និងសង្គម រួមទាំងការពង្រឹងការអនុវត្តច្បាប់ និងការគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហាវិវាទដីធ្លីត្រូវបានដោះស្រាយបញ្ចប់មួយចំនួនធំនៅទូទាំងប្រទេស ហើយបានពន្លឿនការចេញបណ្ណកម្មសិទ្ធដីធ្លី(វិញ្ញាប័ណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ)ជូនពលរដ្ឋដើម្បីប្រើប្រាស់ និងទាញយកផលប្រយោជន៍ពីវិស័យដីធ្លី។

តាមការឱ្យដឹងពីលោក ព្រាប សុផាត ប្រធានមន្ទីរស្តីទីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ការចែកបណ្ណកម្មសិទ្ធក្នុងថ្ងៃនេះមានចំនួន ២ក្រុង-ស្រុក ដែលស្មើនឹង ១,០៨៧បណ្ណ ក្នុងនោះ ក្រុងកំពតមានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ១០ភូមិ មានអំណោយពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៦០៥បណ្ណ។ ស្រុកទឹកឈូ មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ១២ភូមិ មានអំណោយពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យរបស់សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៤៨២បណ្ណផងដែរ៕