បន្ទាយមានជ័យ៖ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធកិច្ចការ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តនៅរសៀលថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០២៤ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលក្រុង/ស្រុកទាំង ៩ មេប៉ុស្តិ៍ ចៅសង្កាត់ លោក លោកស្រី ប្រធានមន្ទី អង្គភាពពាក់ព័ន្ធក្នុងជុំវិញខេត្ត ធ្វើឡើងនៅសាលប្រជុំ(ក)សាលាខេត្តបន្ទាយមានជ័យ
ឯកឧត្តម អ៊ំុ រាត្រី បានរាយការណ៍អំពីខេត្តបន្ទាយមានជ័យ ស្ថានភាពភូមិសាស្ត្ររបស់ខេត្តបន្ទាយមានជ័យ ស្ថិតនៅភាគពាយ័ពនៃព្រះរាជាណាចក្រកម្ពុជា ចម្ងាយ ៣៦៩ គីឡូម៉ែត្រមានផ្ទៃដីសរុប ៦,៦៧៩គីឡូម៉ែត្រក្រឡាបែងចេញជាពីរក្រុង ៧ ស្រុកមានចំនួន ៥៥ ឃុំនិង ១២ សង្កាត់មានភូមិចំនួន ៦៦៤ និងមានភូមិចំនួន ១៣ទៀតដែលមិនទាន់មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ បច្ចុប្បន្នមានប្រជាជនសរុប ពីរសែន ២០០,៣០៤ គ្រួសារនិងមនុស្សរាយសរុបចំនួន ៨២៨,៧១៩នាក់។ក្នុងនោះស្ត្រីជំនួន ៤០៣.៧២៧នាក់ ប្រជាពលរដ្ឋប្រមាណជា ៦៥%ប្រកបរបរកសិកម្មនិង៣៥%ទៀតពាណិជ្ជករអាជីវករនិងសិប្បកម្មផ្សេងៗ។ល។ដែលមានព្រំប្រទល់ខាងត្បូងជាប់និងខេត្តបាត់ដំបងខាងកើតជាប់ខេត្តសៀមរាប ខាងជើងជាប់និងខេត្តឧត្តរមានជ័យខាងលិចជាប់នឹងប្រទេសថៃដែលជាប់ជាមួយខេត្តស្រះកែវចំនួន ៤ ស្រុកគឺស្រុកអារញ្ញប្រាថ គោកធ្យូង តាប្រាយា៉ និងស្រុកក្លងហាត និងជាប់ជាមួយខេត្តបុរីរ៉ាមចំនួន ១ ស្រុកគឺស្រុកបាឡាក់ហានសៃ និងរបាយការណ៍ស្ថិតិក្រុមហ៊ុនល្បែងស៊ីសងគ្រប់ប្រភេទដែលមានច្បាប់ និងគ្មានច្បាប់ដែលបានបិទ ដែលកំពុងដំណើរការនៅលើទឹកដីខេត្តបន្ទាយមានជ័យ និងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តបទបញ្ជារបស់នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៤។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សង្គម បានមានប្រសាសន៍ផ្តាំផ្ញើនិងកោតសរសើរចំពោះ ឯកឧត្តម អភិបាល និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តីពាក់ព័ន្ធកិច្ចការ សន្តិសុខ សណ្តាប់ធ្នាប់សង្គម បានយ៉ាងខ្ជាប់ខ្ជួនរហូតមក។ ត្រូវបន្តបំផុសចលនាចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ដោយប្រើប្រាស់ឲ្យអស់ពីលទ្ធភាពកងកម្លាំងដូចជាប្រជាការពារឲ្យមានភាពរស់រវើកនិងសកម្មភាពថែមទៀត។តាមរយៈការជំរុញអនុវត្តផែនការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទរួមចំណែកក្នុងការពង្រឹងថេរភាពសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាននីមួយៗឲ្យមានប្រសិទ្ធភាពខ្ពស់និងភាពសុខសាន្តនៅក្នុងសហគមន៍និងជំរុញឱ្យមានការល្បាតពូនស្ទាក់រាល់បទល្មើសក្មេងទំនើង គ្រឿងញៀន និងត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវជាតិផ្លូវក្នុងខេត្តនិងនៅក្នុងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ។ដោយ៖ ឃិន គន្ធា