អភិបាលស្រុកតាំងគោក និងព្រះគ្រូចៅអធិការវត្តគុហនគរនាំយកអំណោយសប្បុរសធម៌ ចែកជូនជនចាស់ជរា៥៥គ្រួសារ

0

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំង និងព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខចែកអំណោយសប្បុរសធម៌ដល់លោកយាយលោកតាទីទ័លក្រចំនួន៥០គ្រួសារ មកពី៧ភូមិនៃឃុំពង្រ ស្រុកតាំងគោក ដោយក្នុង១គ្រួសារទទួលបានអង្ករ១០គីឡូ មី១កេស ទឹកស៊ីអ៉ីវ១យួរ ឃីត១ឈុត និងថវិកា៦០,០០០រៀល។

ព្រះគ្រូសីលមុនីវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរសម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយ ដែលឃើញថ្នាក់ដឹកនាំស្រុកយកចិត្តទុក្ខដាក់ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ លោកតែងតែចុះជាប់ជាមួយប្រជាពលរដ្ឋជានិច្ច។ ព្រះអង្គមានមោទនភាពដោយបានលោកអភិបាលតែងតែលើកទឹកចិត្ត និងផ្តល់ទំនុកចិត្តដល់ព្រះអង្គក្នុងការកៀរគរសប្បុរសជន ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ និងចូលរួមអភិវឌ្ឍន៍របស់ស្រុកតាំងគោក។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីឯកឧត្តម វង្សី វិសុទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ថោង ខុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ លោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ លោកតែងតែដាស់តឿន និងផ្តល់ជាគំនិតឲ្យថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក ចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានតាមផ្ទះចុះទៅសួរសុខទុក្ខ ហើយដឹងពីការលំបាកពីការសប្បាយ ពីសំណូមពរ ពីតម្រូវការទាំងឡាយរបស់ពួកគាត់ ដែលទាមទារឲ្យមន្ត្រីនៅមូលដ្ឋានគ្រប់ថ្នាក់ដឹងឮ និងរួមគ្នាក្នុងការដោះស្រាយ។

លោកអភិបាលក៏បានថ្លែងអំណរព្រះគុណចំពោះព្រះគ្រូសីលមុនីវង្ស តុន ពិសី និងគណៈកម្មការចំណុះជើងវត្តគុហនគរ ព្រមទាំងសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភបច្ច័យ/ថវិកា និងធនធានមួយចំនួនសម្រាប់ជាទានសប្បុរសធម៌ចែកជូនដល់លោកយាយលោកតាទីទ័លក្រចំនួន៥៥គ្រួសារនេះ។

ប្រជាពលរដ្ឋនៅឃុំពង្រពិតជាមានសំណាងដែលមានព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះអង្គតែងតែមានទឹកព្រះទ័យស្រណោះអាណិតលោកយាយលោកតាដែលមានជីវភាពលំបាក ព្រះតែងតែមានសម្ភារៈ និងបច្ច័យដើម្បីជួយសម្រាលការលំបាក។ ជាងនេះទៅទៀត ព្រះអង្គបានដឹកនាំពុទ្ធបរិស័ទ្ធ និងសប្បុរសជនកសាងផ្លូវបេតុង និងដាំបង្គោលភ្លើងនៅតាមផ្លូវដើម្បីបំភ្លឺ ជាពិសេសសមិទ្ធផលជាច្រើននៅក្នុងឃុំ៕ អត្ថបទ វេហាស៍