ក្រុមហ៊ុន សោម៉ា គ្រុប  ដំណើរទស្សនកិច្ចសិក្សាមកមើលការដាំដុះ ដំណាំដំឡូងមី និងស្វាយចន្ទី របស់ប្រជាកសិករ និងស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនខ្មែរ នៅឃុំទួលគ្រើល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក 

0

ដោយ​ វេហាស៍
កំពង់ធំ÷ កម្មវិធីអ្នកដឹកនាំសាកលដែលរៀបចំឡើងដោយ Global Institute For Tomorrow សហការជាមួយក្រុមហ៊ុន សោម៉ា គ្រុប  បានអញ្ជើញមកមើលការដាំដុះ ដំណាំដំឡូងមី និងស្វាយចន្ទី របស់ប្រជាកសិករនៅក្នុងភូមិម្រាក ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី០៨-០៩ ខែកញ្ញា ឆ្នាំ ២០២៤ ។

ក្នុងឱកាសនោះដែរពួកគាត់បានមកស្វែងយល់និងសិក្សា ពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផ្ទាល់តែម្ដង ការអញ្ជើញចូលរួមនេះមានច្រើនចម្រុះជាតិសាសន៍នៅលើពិភពលោក ដែលពួកគាត់បានមកទស្សនកិច្ចសិក្សានិងស្វែងយល់បន្ថែមពីកត្តាផ្សេងៗទៀតនៃការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនេះតែម្ដង ពិសេសពួកគាត់បានស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនខ្មែរ ដែលដូនតាបានបន្សល់ទុក ។

លោក ជិន ហ៊ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានលើកឡើងពីកត្តាភូមិសាស្ត្រសំខាន់ៗ នៅក្នុងឃុំសាលាវិស័យ និងឃុំទួលគ្រើលដែលជាឃុំជាប់គ្នា ដែលមានលក្ខណៈអំណោយផលទៅលើការដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ ដោយក្នុងនោះលោកក៏បានបញ្ជាក់ថា ផ្ទៃដីដាំដុះនៅឃុំទាំងពីរនេះគឺមានលក្ខណៈអំណោយផលល្អ ដោយសារដីមានជីវជាតិ និងផ្ទៃដីមានទំហំធំ។ ជាពិសេសតែម្ដងក្នុងឃុំទាំងពីរ កសិករបានដាំដំណាំ ជាតិច្រើនប្រភេទ ដែលជាដំណាំយុទ្ធសាស្ត្រមានដូចជា ដំណាំស្រូវ ដំឡូងមី ស្វាយចន្ទី កៅស៊ូ ស្វាយកែវរមៀត ពោត ឪឡឹក ដូង និងមានដំណាំជាច្រើនប្រភេទទៀត។ ជាក់ស្ដែងបច្ចុប្បន្ននេះប្រជាកសិករកំពុងតែមកមានក្នុងការដាំដំណាំយុទ្ធសាស្ត្រ លើដំណាំដំឡូងមី និងស្វាយចន្ទី ដែលប្រជាកសិករប្រមាណជាង ៨០% បាននឹងកំពុងដាំដុះលើផ្ទៃដីទូទាំងឃុំ ដើម្បីយកទៅលក់ទៅកាន់នៅទីផ្សារ ដោយក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នេះ បាននឹងកំពុងយកចិត្តទុកដាក់ជួយជំរុញដល់កសិករក្នុងការដាំដុះលើមុខរបរកសិកម្ម ដែលឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំចេញទៅកាន់ពិភពលោក ។

លោក ជឹង ទូច ប្រធានក្រុមផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន សោម៉ា ក្រុប មានប្រសាសន៍ថា កម្មវិធីអ្នកដឹកនាំសាកលដែលរៀបចំឡើងដោយ Global Institute For Tomorrow  សហការជាមួយក្រុមហ៊ុន សោម៉ា គ្រុប មានគោលបំណងគឺដើម្បីជួយលើកស្ទួយជីវភាពប្រជាកសិករ តាមរយៈការជួយផ្ដល់ជាគំនិត ផែនការអាជីវកម្ម និងទំនើបកម្មលើវិស័យកសិកម្ម លោកបានបន្តថា ក្នុងការរៀបចំកម្មវិធីអ្នកដឹកនាំសកលឆ្នាំ២០២៤ដែល ត្រូវធ្វើឡើងក្នុងរយៈពេល២សប្តាហ៍ដោយសប្តាហ៍ទី១ធ្វើឡើងនៅទីក្រុងហុងកុងប្រទេសចិន និងសប្តាហ៍ទី២ធ្វើ ឡើងនៅប្រទេសកម្ពុជាដោយផ្តោតលើប្រធានបទទាក់ទងនឹងការធ្វើទំនើបកម្មកសិកម្ម ដោយលើកយកដំណាំ ដំឡូងមីជាករណីសិក្សា ក្នុងគោលបំណងដើម្បីជួយដល់កសិករក្នុងការបង្កើនទិន្នផល មានទីផ្សារល្អប្រកបដោយ និរន្តរភាព។

ក្នុងរយៈពេល១សប្តាហ៍ សិក្ខាកាមក្នុងវគ្គសិក្សានៃកម្មវិធីអ្នកដឹកនាំសកលបានធ្វើការចុះជួបកសិករ តាមចំការ អ្នកប្រមូលទិញ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនកសិឧស្សាហ៍កម្មនៅខេត្តកំពង់ធំ និងព្រះវិហារ លើសពីនេះសិក្ខាកាមក៏បានជួបភាគីពាក់ព័ន្ធមួយចំនួនទៀតដូចជា សាកលវិទ្យាល័យភូមិន្ទកសិកម្ម CDRI សហព័ន្ធដំឡូងមីកម្ពុជា និងមន្ត្រីអគ្គនាយកដ្ឋានកសិកម្មដើម្បីស្វែងរកព័ត៌មាន ការគាំទ្រ និងចូលរួមផ្តល់ជាធាតុចូលសំខាន់ៗសម្រាប់ចងក្រងជារបាយការណ៍ និងម៉ូដែលអាជីវកម្ម (Business Model) សម្រាប់ការអនុវត្តសាកល្បង ដែលតម្រូវការម្សៅដំឡូងមីកំពុងមានការកើនឡើងទូទាំងសកលលោក។ ដោយគេប្រើប្រាស់ម្សៅដំឡូងមីនៅក្នុងផលិតផលជាច្រើនប្រភេទ ដូចជា ជីវឥន្ធនៈ អាហារ និងទំនិញឧស្សាហកម្ម ឱកាសថ្មីមួយបានលេចចេញជារូបរាងដើម្បីជួយឱ្យកម្ពុជាក្លាយជាអ្នកផ្គត់ផ្គង់ម្សៅដំឡូងមីធំមួយក្នុងពិភពលោក។ នៅក្នុងរយៈពេល ២ ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាបានផលិតមើមដំឡូងមីចន្លោះពី១០-១៤ លានតោន និងបាននាំចេញកសិផលទាំងនេះស្ទើរតែទាំងអស់ទៅកាន់ប្រទេសដទៃទៀតក្នុងពិភពលោក។ ធៀបនឹងប្រទេសដែលដាំដំឡូងមីផ្សេងទៀត កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសដែលដាំដំឡូងមីច្រើនជាងគេទី៤ នៅអាស៊ី និងទី១០ នៅក្នុងពិភពលោក ។ បញ្ហាប្រឈមនៅពេលនេះគឺធ្វើយ៉ាងណាដើម្បីបង្កើនសង្វាក់តម្លៃ និងប្តូរពីការនាំចេញដំឡូងមីឆៅទៅផលិតម្សៅកែច្នៃ។
បញ្ជាក់ កម្មវិធីនេះក៏នឹងមានវេទិការបូកសរុបការងារនិងបង្ហាញលទ្ធផលរបស់ខ្លួនផងដែរដោយគ្រោងនឹងធ្វើ ឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដើម្បីផ្សព្វផ្សាយជូនសាធារណៈជនបានដឹង និងចូលរួមផ្តល់ជាធាតុចូលបន្ថែមផងដែរ ៕