អភិបាលខេត្តកំពង់ចាម បើកយុទ្ធនាការបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនក្មួយៗជាសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញបើកយុទ្ធនាការធ្វើ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរទុតិយតា ជូនដល់ក្មួយៗជាសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ផែនការងារអត្តសញ្ញាណកម្ម បានប្រើប្រាស់ម៉ាស៊ីន ចំនួន ៣គ្រឿង បំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនសិស្សានុសិស្សនិ បានចំនួន​ ១៥១នាក់ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា នៅក្នុងផែន ការសម្រាប់ឆ្នាំ២០២៤នេះ សមត្ថកិច្ចអាជ្ញាធរខេត្ត បានខិតខំក្នុងការរៀបចំការផ្តល់ជូននូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ប្រមាណជា ១១៧,៦១១នាក់ ក្នុងនោះអ្នកដែលត្រូវផ្តល់ថ្មី ១៧,៧៩១នាក់ និងផ្តល់ជូនទុតិយតា ប្រមាណជា ១០ម៉ឺនសន្លឹក ចឹងក្នុងការកសាងនូវផែនការប្រចាំ ឆ្នាំរបស់យើងនេះ គឺយើងផ្តោតទៅលើការផ្តល់នូវអត្តសញ្ញាណប័ណ្ណ សម្រាប់ក្មួយៗដែលគ្រប់ អាយុ ចាប់ពីអាយុ ១៥ឆ្នាំឡើង ដូច្នេះសូមឱ្យក្មួយៗត្រូវបំពេញកាតព្វកិច្ច ត្រូវតែមានអត្តសញ្ញាណប័ណ្ណ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា​ សម្រាប់អ្នកដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព និងអត្តសញ្ញាណប័ណ្ណដែលខូច ឬបាត់បង់ដោយប្រការណាមួយនោះ គឺយើងត្រូវធ្វើទុតិយតាជូនទៀតផង ដោយក្នុងផែនការយើងមានជាង ១១ម៉ឺន​សន្លឹក ដែលត្រូវផ្តល់ជូន ហើយក្នុងក្របខ័ណ្ឌនៃការអនុវត្ត សម្រាប់ក្មួយៗ សិស្សានុសិស្សនេះ​ គឺយើងបានដាក់ចេញនូវយុទ្ធនាការ ហៅថាយុទ្ធនាការ ១៥៣ថ្ងៃ នៅតាមសាលា ដែលត្រូវអនុវត្តការងារនេះចាប់ពីថ្ងៃទី១ ខែសីហា រហូតដល់ដាច់ឆ្នាំ២០២៤នេះ ដូច្នេះសូមឱ្យមានការសហការរវាងសាលា និងសមត្ថកិច្ចផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរ​ដល់លោកគ្រូ អ្នកគ្រូ ពិសេស​នាយកសាលា សូមជួយសហការធ្វើយ៉ាងណាដើម្បីផ្តល់លទ្ធភាព បង្កនូវលក្ខណៈងាយស្រួលដល់សមត្ថកិច្ចផង និង ក្មួយៗសិក្សានុសិស្ស ដើម្បីក្មួយៗ សិស្សានុសិស្ស បានទទួលអត្តសញ្ញាណប័ណ្ណគ្រប់ៗគ្នា យកទៅប្រើប្រាស់ជាប្រយោជន៍ផ្លូវច្បាប់ និងសម្រួលដល់ការរស់នៅ និងការទំនាក់ទំនងផ្សេងៗ ដែលត្រូវ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណនេះ៕