ទីបញ្ជាការស្រាលប្រចាំការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់អូអាចម៍ដែក ក្នុងភូមិសាស្ត្រព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ទទួលបានជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់

0

ដោយ វេហាស៍

ខេត្តកំពង់ធំ៖  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ច និងនាំយកថវិ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅប្រគល់ជូនកងកម្លាំងចម្រុះ ការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ នៅតំបន់អូរអាចម៍ដៃក ស្ថិតក្នុងភូមិសាស្ត្រព្រៃឡង់ ក្នុងស្រុកសណ្ដាន់ខេត្តកំពង់ធំ កានារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

លោក លី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្ត ប្រធានទីបញ្ជាការស្រាលប្រចាំទិសអូរអាចម៍ដែកក្នុងតំបន់ព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលនៃការប្រើប្រាស់កម្លាំងចម្រុះដោយទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងនោះក៏បានឆ្លុះបញ្ចាំង នូវចំណុចខ្លាំង និងចំណុចខ្វះខាតមួយចំនួន ក្នុងការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលកន្លងទៅផងដែរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងថ្លែងនៅអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី រួមជាមួយនឹងមន្ត្រីឧទ្យានុរៈបរិស្ថាន ដែលបានខិតខំរួមគ្នាក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិមិនឲ្យមានការកើតឡើងជាថ្មីនៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ដោយមិនមានការកាប់ទន្ទ្រានជាថ្មី ។ ហើយចំពោះផ្ទៃដីដែលបានរកឃើញពីការកាប់ទន្ទ្រានដោយខុសច្បាប់នាពេលកន្លងទៅ យើងកំពុងតែធ្វើការគ្រប់គ្រងនិងស្រាវជ្រាវរកមុខសញ្ញាជនល្មើសដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចម្រុះទាំងអស់ដែលប្រចាំការនៅក្នុងតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់នេះ ត្រូវតែប្តេជ្ញាចិត្តខ្ពស់បន្តរួមគ្នាធ្វើសកម្មភាព ដើម្បីការពារទប់ស្កាត់ និងបង្ក្រាបឲ្យខាងតែបាន ដោយមិនឱ្យមានការកើតឡើងជាថ្មីទៀតនៅការកាប់ឈើខុសច្បាប់ និងការកាប់ទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានជាដាច់ខាត ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននៅថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ដែលជាជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់កងកម្លាំងចម្រុះ ដើម្បីបន្តធ្វើសកម្មភាពបន្ថែមទៀតដោយគ្មានការដកថយឡើយ ៕