ខេត្តកែបរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន

0

ដោយ​ សេង ណារិទ្ធ
ខេត្តកែប៖  នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា​ ដើម្បីអភិវឌ្ឍយុវជន នៃក្រសួងអប់រំយុវជន និងកីឡា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប កាលព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

សិក្ឋាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជនហៅកាត់(ក.ជ.យ) និងបានការចូលរួមពី លោក លោកស្រី អគ្គលេខាធិការ​រង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន(ក.ជ.យ) តំណាង​ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប លោក ប្រធានមជ្ឈមណ្ឌលការងារខេត្ត លោកវាគ្មិន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបផងដែរ។

ចំពោះគោលបំណងសិក្ខាសាលានេះ មានទិសដៅសំខាន់ៗជាច្រើន សម្រាប់ឲ្យយុវជន ជាពិសេសសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សាមានការយល់ដឹង នោងធ្វើឱ្យពួកគេអាចកំណត់បានច្បាស់លាស់អំពីផែនការក្នុងការសិក្សា ការរៀបចំខ្លួនចូលថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានជោគជ័យ និងសម្រេចតាមបំណងប្រាថ្នារបស់ខ្លួន។

ក្នុងឱកាសនោះ លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.យ មានប្រសាសន៍ថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព វាជាភារកិច្ចរបស់យើងទាំងអស់គ្នា ជាពិសេសស្ថាប័នទទួលបន្ទុកការងារយុវជន ក្នុងការបណ្តុះបណ្តាលយុវជនយើងឱ្យមានសមត្ថភាពជំនាញច្បាស់លាស់ ដើម្បីបំពេញតម្រូវការតាមការវិវត្តនៃសាកលភាវូបនីយកម្ម។

ក្នុងបរិបទដែលសាកលលោកទាំងមូលកំពុងផ្តោតការយកចិត្តទុកដាក់លើផលិតកម្ម ដើម្បីទ្រទ្រង់សេដ្ឋកិច្ចជាតិ គឺត្រូវទាមទារអោយមានការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព ភាពជាអ្នកដឹកនាំ ចំណេះដឹងភាសា និងលើកកម្ពស់យុវជន ដែលមានជំនាញផ្នែកបច្ចេកទេស និងឌីជីថល ដែលជាជំនាញមានតម្រូវការចាំបាច់សម្រាប់បរិបទបច្ចុប្បន្ន ដោយសារពិភពលោកនាពេលនេះត្រូវបានឈានដល់យុគសម័យឧស្សាហកម្ម៤.០ ដែលធ្វើអ្វីៗស្ទើរតែទាំងអស់ ត្រូវប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើន និងគ្រប់គ្រងការងារឱ្យកាន់តែប្រសិទ្ធភាពខ្ពស់៕