សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញប្រកាសទទួលស្គាល់ ប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី

0

ខេត្តរតនគិរី៖ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅសាលាខេត្តរតនគិរី។

អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន ត្រូវបានប្រកាសទទួលស្គាល់ជា ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី និងប្រធានក្រុមប្រឹក្សាខេត្ត លោក ណាប់ ប៊ុនហេង ត្រូវបានប្រកាសទទួលស្គាល់ជា អនុប្រធានគណៈកម្មាធិការ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី ផងដែរ។

ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញ៉ែម សំអឿន បានប្តេជ្ញាចិត្តថា នឹងយកចិត្តទុកដាក់អនុវត្តតាមស្មារតីលក្ខន្តិកៈ និងសេចក្តីសម្រេចនានារបស់អង្គការរណសិរ្ស ,គោរព និងចូលរួមអនុវត្តតាមកម្មវិធីនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ,គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ,ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងទំនាក់ទំនងល្អរវាងរណសិរ្សគ្រប់ថ្នាក់ ,ពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេស ជិតខាង ,ជម្រុញបង្កើនសមាជិក សមាជិការណសិរ្ស និងបំផុសចលនាមហាជនឲ្យគាំទ្រ គណបក្សប្រជាជនកម្ពុជា និងលើកកម្ពស់ស្មារតីស្រឡាញ់ ថែរក្សា និងការពារសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិ​ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាគណៈអធិបតីកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណ:កម្មាធិការរណសិរ្ស​ សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តរតនគិរី ទាំងអស់នាពេលនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរ និងអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានរៀបចំកម្មវិធីនាថ្ងៃនេះបានយ៉ាងល្អ និងអធិកអធម និងសូមវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ គណៈកម្មាធិការរណសិរ្សខេត្តរតនគិរីគ្រប់ថា្នក់ ដែលបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងសកម្ម ស្របតាមលក្ខន្តិកៈ និងបេសកកម្មរបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្រេចបានលទ្ធផលគួរជាទីមោទនៈ។

សម្តេច ម៉ែន សំអន បានផ្តាំផ្ញើអាជ្ញាធរខេត្ត ត្រូវបង្ករលក្ខណៈងាយស្រួល និងផ្តល់ឱកាសដល់អ្នកវិនិយោគទុន និងថែរក្សាអ្នកវិនិយោគឱ្យបាបានល្អ ដើម្បីជាផ្នែកមួយ ក្នុងការជួយជ្រោងសេដ្ឋកិច្ចរបស់ខេត្ត ឱ្យឈានឡើងមួយកម្រិតទៀត។ ចំណែក ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុខដុម នៃសង្គម និងការពារដាច់ខាត នូវឯករាជ្យ អធិបតេយ្យភាព និបូរណភាពទឹកដី។

សម្តេច ម៉ែន សំអន បានអំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវជឿជាក់លើ រាជរដ្ឋាភិបាល និងសូមកុំជឿតាមក្រុមជ្រុលនិយម ដែលតែងតែរារាំងដល់កិច្ចអភិវឌ្ឍន៍ ពិសេស ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV៕ដោយ៖ឡុង សំបូរ