លិចទូកកណ្តាលបឹងបណ្តាលអោយស្លាប់មនុស្ស ៣នាក់ ក្នុងចំណោម ៥នាក់ ខណៈជួបខ្យល់បក់បោកខ្លាំង និងទឹករលកធំៗ នៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះ

0

ខេត្តក្រចេះ៖ យ៉ាងហោចណាស់មានមនុស្ស ៣នាក់ បានស្លាប់ និងពីរនាក់ទៀត ត្រូវបានរកឃើញ និងជួយសង្គ្រោះទាន់ពេលវេលា ខណៈដែលជនរងគ្រោះទាំង ៥នាក់ បានជិះទូករួមគ្នាដឹកកសិផលដំឡូងមី ពីចម្ការមកផ្ទះ ហើយបានជួបឧបសគ្គខ្យល់បក់បោកខ្លាំង និងទឹករលកធំៗ បក់រុញច្រានទូកបណ្តាលឱ្យលិចលង់ នៅកណ្តាលផ្ទៃទឹកបឹង នាវេលាម៉ោង ២ និង២០នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចបឹងរាំង ស្ថិតក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ ។

នៅក្នុងឧបទ្ទវហេតុនោះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តក្រចេះ និងអធិការដ្ឋាននគរបាលស្រុកចិត្របុរី រួមទាំងអាជ្ញាធរមូលដ្ឋាន បានសហការរួមគ្នា ប្រើប្រាស់ទូក ៧គ្រឿង ដើម្បីចុះរុករក និងជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទាំង ៥នាក់ ដែលត្រូវបានលិចបាត់ទៅក្នុងផ្ទៃទឹកបឹង។ ខណៈនោះ កម្លាំងសមត្ថកិច្ចបានរកឃើញ សាកសព ២នាក់ បាត់ខ្លួន០១ និង សមត្ថកិច្ចបានបន្តរុករក និងពីរនាក់ទៀត ត្រូវបានជួយសង្គ្រោះជីវិតទាន់ពេលវេលា។

សាកសពជនរងគ្រោះដែលត្រូវបានរកឃើញ និងស្រង់ចេញពីផ្ទៃទឹកបឹង នៅរសៀលថ្ងៃម្សិលមិញនោះ មានចំនួន ២នាក់ គឺ ១.ឈ្មោះ បឹង ឆោម ភេទប្រុស អាយុ ២៤ឆ្នាំ និង២.ឈ្មោះ បឹង ឆៃម៉ាំង ភេទប្រុស អាយុ ១៣ឆ្នាំ ជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី២១កញ្ញានេះ សាកសពបុរសម្នាក់ទៀត ត្រូវបានរកឃើញ មានឈ្មោះ បាវ ថៃ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅ ភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

សាក្សីអ្នកបើកទូកនៅក្នុងហេតុការនោះ បាននិយាយថា មូលហេតុដែលបណ្តាលឲ្យលិចទូកដឹកដំឡូងមីនេះ គឺបណ្តាលមកពីមានខ្យល់បក់បោកមកខ្លាំង និងមានទឹករលកធំៗ វាយរុញច្រានទូកឲ្យលិច នៅក្នុងពេលនោះ។

សាកសពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់ទៅក្រុមគ្រួសារ ដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ឡុង សំបូរ