មន្ទីរព័ត៌មានខេត្តកំពង់ធំ បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យទៅប្រគេនព្រះគ្រូចៅអធិការវត្តសិរីកើតបុណ្យ(ហៅវត្តសួសគ្រុន) ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅស្រុកប្រាសាទសំបូរ 

0

(កំពង់ធំ)÷ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងក្រុមកាងារ បានប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួនជូនដល់ព្រះភិក្ខុអត្តសិរី ទីន រស្មី ព្រះគ្រូចៅអធិការវត្តសិរីកើតបុណ្យ(ហៅវត្តសួសគ្រុន) ដែលកំពុងគង់ចាំព្រះវស្សាស្ថិតនៅភូមិសួសគ្រុន ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

មានមតិសំណេះសំណាលក្នុងពិធីកាន់បិណ្ឌនាឱកាសនោះ លោកស្រី ង៉ែត ណារីន លើកឡើងថា ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រ និងបច្ច័យ​ ប្រគេនដល់ព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ ពិធីបុណ្យភ្ជុំបិណ្ឌដែលធ្វើតាមទំនៀមទម្លាប់ពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធសាសនិកតជំនាន់ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា ញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅកាន់បរលោក ម្យ៉ាងទៀតដើម្បីសុំសេចក្តីសុខចម្រើន និងបង្កើននៅសាមគ្គីធម៌ក្នុងសង្គមជាតិ។

លោកស្រីបានលើកឡើងបន្តថា  ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជារបស់យើងទទួលបាននៅសុខសន្តិភាពពេញបរិបូរណ៍ ទើបយើងទាំងអស់គ្នាមានឱកាសមកធ្វើបុណ្យកាន់បិណ្ឌជាមួយគ្នា មានឱកាសជួបជុំ ពុក ម៉ែ បងប្អូន សាច់ញាត្តិបាន។ លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត បានសង្កត់ធ្ងន់ថា ដូចនេះពាក្យថា សន្តិភាព គឺមានតម្លៃណាស់សម្រាប់ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋគ្រប់រូប ហើយយើងទាំងអស់គ្នានិងប្តេជ្ញាចិត្តចូលរួមថែរក្សាសន្តិភាពនេះឱ្យគង់វង្ស។

សូមបញ្ជាក់ផងដែរថា គ្រឿងឧបរិភោគបរិភោគ និងបច្ច័យមូយចំនួនដែលបានប្រគេនដល់វត្តសិរីកើតបុណ្យ(ហៅវត្តសួសគ្រុន) ដែលជាអំណោយរបស់មន្ទីរព័ត៌មានខេត្តកំពង់ធំ និងក្រុមកាងារផងដែរ។ អត្ថបទលោក ធូ កែវមុន្នី