រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពង់ចាម​ ទទួលបានភ្ញៀវទេសចរណ៍ មកទស្សនាកម្សាន្តប្រមាណជាង ៧៤ពាន់នាក់

0

កំពង់ចាម​:​ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃ៣ ខែតុលា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនាកំសាន្ត នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និង​ស្នាក់​នៅ​ក្នុងខេត្តកំពង់ចាម សរុបមានចំនួន ៧៤,០៤៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៧៣,៨២០នាក់ និងភ្ញៀវបរទេសមានចំនួន ២២២នាក់ ។ នេះបើតាម តាមការឲ្យដឹងពី លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នេះ ។

លោកប្រធានមន្ទីរទេសចរ ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ចំនួនភ្ញៀវ ខាងលើ បានមកលេង នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានារួមមាន៖ រមណីយដ្ឋានទឹកឆា រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ រមណីយដ្ឋានបែមប៊ូរីសត រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី រមណីយដ្ឋាននគរបាជ័យ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ។ ក្រៅពីនោះក៏មានភ្ញៀវមកស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងក្រុងកំពង់ចាមផងដែរ។

លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្ត​ បានបញ្ជាក់ទៀតថា បន្ថែមពីលើតួលខខាងលើនេះ ជុំវិញស្ថានភាពទូទៅ គេសង្កេតឃើញថា ចំនួនភ្ញៀវទេសចរណ៍ មានការកើនឡើង ។ រីឯនៅតាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្ម និងនៅតាមរមណីយដ្ឋានទេសចរណ៍ នីមួយៗ មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងមានរៀបចំអនាម័យ ដោយមានការយាមប្រចាំការ ពីកម្លាំងសមត្ថកិច្ច ។ ចំណែកឯការលក់ដូរ ក៏ដូចជាតម្លៃទំនិញវិញ ពុំមានការឡើងថ្លៃហួសពីប្រក្រតីនោះឡើយ ។​

ដោយមាន​ការ​ជំរុញ​ណែនាំ​ពី​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ មន្ត្រីជំនាញ​ពាក់ព័ន្ធ​ បានចុះធ្វើការណែនាំដល់អ្នកលក់ដូរនៅតាមរមណីយដ្ឋាននានា​ ដោយមិនឱ្យមានការតម្លើងថ្លៃនោះទេ ព្រមទាំងបានចេញនូវវិធានការរក្សាតម្លៃ និងរក្សានូវសុវត្ថិភាពម្ហូបអាហារជូនដល់ភ្ញៀវទេសចរផងដែរ​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ​ ៕