ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ខេត្តកែបទទួលភ្ញៀវទេសចរជិត៨០,០០០នាក់

0

ខេត្តកែប​: ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជិត៨០,០០០នាក់។នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកែប។

ជាទូទៅ ខេត្តកែបដែលជាខេត្តទេសចរណ៍ធម្មជាតិមានទេសភាពស្រស់ត្រកាល ប្រកបដោយឆ្នេរសមុទ្រដ៏ស្រស់ស្អាត ពិតជាបានជំរុញអោយក្រុមអ្នកទេសចរ មកពីគ្រប់បណ្តាខេត្ត ចូលមកទស្សនាយ៉ាងច្រើនកុះករ ក្នុងពិធីបុណ្យផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនេះ។

តាមរបាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១-០៣ ខែតុលា ឆ្នាំ២០២៤ នៃពីធីបុណ្យភ្ជុំបិណ្ឌ នៅទីរមណីយដ្ឋានទេសចរណ៍ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស យ៉ាងច្រើនកុះករ ប៉ុន្តែពុំមានការកកស្ទះចរាចរណ៍នោះឡើយ ព្រោះនៅតាមគោលដៅនៃដងផ្លូវសំខាន់ៗ មានសមត្ថកិច្ចជំនាញជួយសម្រួលចរាចរ និងធានាសុវត្ថិភាពគ្រប់ទីកន្លែង។

បើតាមទិន្នន័យពីមន្ទីរទេសចរណ៍ខេត្តកែប បានបញ្ជាក់ថា កំណេីនភ្ញៀវទេសចរ រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ បានចូលមកសម្រាកលំហែកំសាន្ត នៅឆ្នេរសមុទ្រកែប ចំនួន ៧៩,៥៣៨នាក់ កេីនឡេីង២៦.១១%​ បេីធៀបទៅនឹងឆ្នាំ២០២៣​ ក្នុងនោះ ភ្ញៀវទេចរជាតិ ចំនួន ៧៩,១៤៣នាក់ កេីនឡេីង២៧.២៦%​ ​និងភ្ញៀវបរទេសចំនួន​ ៣៩៥នាក់ ថយចុះ៥៤.៩0%​។

តាមរបាយការណ៍ពីស្នងការដ្ឋាននគបាលខេត្តកែប បានបញ្ជាក់ដែរថា​ ការងារ​ សន្តិសុខ សណ្ដាប់ធ្នាប់​ របៀបរៀបរយ​ មានភាពល្អប្រសេីរ​ ដោយក្នុងរយៈពេល៣ថ្ងៃនេះ ពុំមានបញ្ហាអ្វីកើតឡើងឡើយ ហើយបើទោះជារថយន្ត ម៉ូតូ សម្រុកចូលច្រើនយ៉ាងណា កងកម្លាំងសមត្ថកិច្ចបានសម្រួលចរាចរ មិនអោយមានការកកស្ទះនោះទេ៕ សេង ណារិទ្ធ