រយៈពេល៣ថ្ងៃ នៃពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ខេត្តកំពង់ធំភ្ញៀវទេសចរណ៍ មកទស្សនាកម្សាន្តប្រមាណជាង៥ម៉ឺននាក់

0

(កំពង់ធំ)÷ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ០៣ ខែតុលា ឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរណ៍ដែលមកទស្សនាកំសាន្ត នៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា តាមបណ្ដាវត្តអារាម និងស្នាក់​នៅ​ក្នុងខេត្តកំពង់ធំសរុបរួមចំនួន÷    ភ្ញៀវជាតិ ចំនួន​ ៥៥.៨២១នាក់នាក់ ភ្ញៀវបរទេស ចំនួន ៦៧នាក់សរុបរួមចំនួន ៥៥.៨៨៨នាក់ នេះបើតាមការឱ្យដឹងពី លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានបញ្ជាក់ឱ្យដឹងថា ចំនួនភ្ញៀវខាងលើ បានមកលេង នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានារួមមាន៖ រមណីយដ្ឋានទេសចរណ៍ប្រាសាទសំបូរសំបូរព្រៃគុក រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសន្ទុក រមណីយដ្ឋានស្ទឹងម្រាក រមណីយដ្ឋានអូរពោរោង រមណីយដ្ឋានអូរខ្លាដេក  រមណីយដ្ឋានអូរក្បាលខ្មោច រមណីយដ្ឋានស្ទឹងព្រៃប្រស់ រមណីយដ្ឋានអូរមាន រមណីយដ្ឋាន៣០កញ្ញា រមណីយដ្ឋាន០១មករា រមណីយដ្ឋាន០៦មករា រមណីយដ្ឋានកែច្នៃ លឹម ប៉ុណ្ណា និងមានពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកផ្កាចារក្រៅពីនោះក៏មានភ្ញៀវមកស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ នៅក្នុងខេត្តកំពង់ធំផងដែរ។

លោក សេង អាន បានបញ្ជាក់ទៀតថា បន្ថែមពីលើតួលខខាងលើនេះ ជុំវិញស្ថានភាពទូទៅ គេសង្កេតឃើញថា ចំនួនភ្ញៀវទេសចរណ៍ មានការកើនឡើង។ រីឯនៅតាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្ម និងនៅតាមរមណីយដ្ឋានទេសចរណ៍ នីមួយៗ មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងមានរៀបចំអនាម័យ ដោយមានការយាមប្រចាំការ ពីកម្លាំងសមត្ថកិច្ច ។ ចំណែកឯការលក់ដូរ ក៏ដូចជាតម្លៃទំនិញវិញ ពុំមានការឡើងថ្លៃហួសពីប្រក្រតីនោះឡើយ ។​

ដោយមាន​ការ​ជំរុញ​ណែនាំ​ពី​ ឯកឧត្ដម​ នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ មន្ត្រីជំនាញ​ពាក់ព័ន្ធ​ និងកងកម្លាំងទាំងបី បានចុះធ្វើការណែនាំដល់អ្នកលក់ដូរនៅតាមរមណីយដ្ឋាននានា​ ដោយមិនឱ្យមានការតម្លើងថ្លៃនោះទេ ព្រមទាំងបានចេញនូវវិធានការរក្សាតម្លៃ និងរក្សានូវសុវត្ថិភាពម្ហូបអាហារជូនដល់ភ្ញៀវទេសចរផងដែរ​ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ​៕ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប