ខេត្តរតនគិរី៖ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ ដែលទើបបញ្ចប់ ៣ថ្ងៃមកនេះ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ២ម៉ឺន ៣ពាន់ ៨៩៦នាក់ ខណៈប្រជាពលរដ្ឋបានទៅធ្វើបុណ្យទាន នៅតាមទីអារាមនានាជិត ១០ម៉ឺននាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលមកទស្សនាកំសាន្តនៅ តាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តរតគិរី មានចំនួនសរុប ២ម៉ឺន ៣ពាន់ ៨៩៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ២ម៉ឺន ៣ពាន់ ៧៧៨នាក់ ឃើញថា មានការកើនឡើង ៣០.២៥ភាគរយ និងភ្ញៀវទេសចរអន្តរជាតិ ១១៨នាក់ មានការកើនឡើង១០.២៨ភាគរយ ខណៈប្រជាពលរដ្ឋនៅក្នុងខេត្ត បានទៅធ្វើបុណ្យទានតាមទីអារាមនានា មានចំនួន ៩ម៉ឺន ៧ពាន់ ៣០នាក់ (៩៧,០៣០នាក់) គឺមានការកើនឡើង០.៧៩ភាគរយ។
លោក ង៉ែត ពិទូ បានឱ្យដឹងទៀតថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដែលបានចេញទៅធ្វើបុណ្យទានតាមទីអារាមនានាក្នុងខេត្ត មានចំនួន១២ម៉ឺន ៩២៦នាក់ កើនឡើង៥.៥០ភាគរយ បើប្រៀបធៀបទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣ មានចំនួន១១ម៉ឺន ៤ពាន់ ៦២៧នាក់។ រីឯការកើនឡើងភ្ញៀវទេសចរ ដើរកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តឆ្នាំនេះ ដោយសារការយកចិត្តទុកដាក់ ពីរដ្ឋបាលខេត្តរតនគិរី ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានា មានការររៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋានផងដែរ៕ដោយ៖ឡុង សំបូរ