បេក្ខជន២ពាន់ ៤០៥នាក់ បាននាំគ្នាមកពិនិត្យឈ្មោះ លេខតុ លេខបន្ទប់ មណ្ឌលប្រឡង និងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុរិយភូមិ នៅខេត្តក្រចេះ នាថ្ងៃស្អែក

0

ខេត្តក្រចេះ៖ បេក្ខជនដែលត្រូវប្រឡង សញ្ញាបត្រមធ្យមសិក្សាទុរិយភូមិ នៅក្នុងខេត្តក្រចេះ ឆ្នាំ២០២៤នេះ មាន២ពាន់ ៤០៥នាក់ បេក្ខជនស្រី ១ពាន់ ៣៤៣នាក់ ក្នុងចំណោមនោះបេក្ខជនស្វ័យរិន ៣៥៨នាក់ ស្រី ១៦៨នាក់ ត្រូវចូលរួមប្រឡង ក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ ២០២៤ ដែលនឹងដំណើរការប្រឡង នៅព្រឹកថ្ងៃស្អែកនេះ ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ​ លោក ឡាយ បូរ៉ា បានឲ្យដឹងថា នៅទូទាំងខេត្តក្រចេះ មានមណ្ឌលប្រឡង ចំនួន ៥មណ្ឌល ក្នុងនោះ មណ្ឌលវិទ្យាសាស្ត្រមាន ចំនួន២ និងមណ្ឌលវិទ្យាសាស្ត្រសង្គមមានចំនួន ៣ ស្មើនឹង ៩៧បន្ទប់ ។ រីឯគណៈមេប្រយោគ មានចំនួនសរុប ៣២៤នាក់ ក្នុងនោះស្រី ១២៥នាក់ ។

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឲ្យដឹងទៀតថា បេក្ខជនដែលចូលរួមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុត្តិយភូមិ ឆ្នាំ២០២៤នេះ បើធៀបទៅនឹងឆ្នាំ ២០២៣ មានបេក្ខជនសរុប ២ពាន់ ៣៤៤នាក់ ឃើញថា មានការកើនឡើង ៦១នាក់ ។

ដោយឡែក នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តក្រចេះ បាននាំគ្នាមកពិនិត្យបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ នៅតាមមណ្ឌលប្រឡងនីមួយៗ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងនៅថ្ងៃស្អែកនេះ ។

ក្នុងសកម្មភាពពិនិត្យបញ្ជីឈ្មោះនោះដែរ បេក្ខជន បានអះអាងថា ពួកគេបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបំពេញវិញ្ញាសារប្រឡងនៅថ្ងៃស្អែក  និងហើយក៏សង្ឃឹមថា ការប្រឡងដែលមានរយៈពេល ២ថ្ងៃនេះ ពួកគេនឹងទទួលបានលទ្ធផលល្អ យកជោគជ័យលើការប្រឡងនេះ ជាក់ជាពុំខានឡើយ។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧តុលានេះ បានចេញសេចក្តីណែនាំ អំពីវិធានការសុខភាព និងសុវត្ថិភាព ក្នុងដំណើរការសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤នេះ ដើម្បីចូលរួមលើកកម្ពស់ ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់ គណៈមេប្រយោគ គណៈកម្មការនានា និង បេក្ខជន អំឡុងពេល នៃដំណើរការសំណេរ នៃការប្រឡង៕ ដោយ៖ឡុង សំបូរ