កិច្ចប្រជុំត្រៀមរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ និងព្រះរាជពិធី គ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

0

ខេត្តកែប: ដើម្បីរៀបចំប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ និងព្រះរាជពិធី គ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អោយកាន់តែមានភាពអធិកអធម នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ-អន្ដរជាតិខេត្តកែប បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ នៃគណៈកម្មការរៀបចំបុណ្យជាតិ-អន្ដរជាតិខេត្ត ដើម្បីត្រៀមរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ និងព្រះរាជពិធី គ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។

ចំពោះព្រះរាជពិធី គ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធធ្វើនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសេះស សាលាខេត្តកែប ដូចគ្នា។

ក្នុងកិច្ចប្រជុំនោះដែរ លោកស្រីអភិបាលរងខេត្ត បានដាក់ចេញនូវផែនការនិងគោលការណ៍មួយចំនួនដល់សមាជិក សមាជិកា គ្រប់ស្ថាប័នអង្គភាពពាក់ព័ន្ធ ទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តតួនាទីភារកិច្ច ដែលប្រធានគណៈកម្មការរៀបចំបុណ្យជាតិ-អន្ដរជាតិខេត្ត បានដាក់ជូននៅពេលនេះ ដើម្បីយកទៅអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ៕ សេង ណារិទ្ធ