ខេត្តព្រះវិហារ៖ អគារសិក្សា១ខ្នង ដែលបានស្ថាបនាឡើងដោយសហគមន៍ និង nbsp កាលពី៣១ឆ្នាំមុន (១៩៩៣) ដែលរងការខូចខាត និងចាស់ទ្រុឌទ្រោមនោះ នៅថ្ងៃទី១៦តុលា២០២៤ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក មន្ត្រីថ្នាក់មូលដ្ឋាន និងមានការចូលរួមពី សហគមន៍មូលដ្ឋាន ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាយកសាលា លោកគ្រូ អ្នកគ្រូ មេឃុំ មេប៉ុស្តិ៍ និងប្រជាការពារនៅក្នុងមូលដ្ឋាន ចុះពិនិត្យ និងជួយជុលកែលម្អឡើងវិញ ជាប្រយោជន៍ដល់សិស្សានុសិស្ស បានគ្រេបជញ្ជក់ចំណេះដឹងទូទៅ ពីអគារសិក្សា ១ខ្នងនេះ ដើម្បីយកទៅបម្រើបុព្វហេតុជាតិ មាតិភូមិកម្ពុជា នៃយើង។
អគារសិក្សាដែលមានវ័យចំណាស់ជាង ៣០ឆ្នាំ ១ខ្នងនេះ ត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៩៩៣ ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី មាន៣បន្ទប់ មានរោងអាហារ១ នៅក្នុងបរិវេណសាលាបឋមសិក្សាថ្មល់បំបែក ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់ខេត្ត និងមូលដ្ឋាន បានសហការជួយគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីជួយជួសជុល និងកែលម្អអគារសិក្សា ១ខ្នងនេះ រហូតសម្រេចបានលទ្ធផល ៩០ភាគរយហើយ នៃការជួសជុល ហើយបច្ចុប្បន្ន កំពុងដំណើរការចាក់សាបនៅរោងអាហាររបស់សិស្ស ផងដែរ។
ស្របពេលជាមួយគ្នានោះផងទៀត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ លោក ចាប កុយ ដោយមើលឃើញអគារសិក្សា ១ខ្នងនេះ ដំបូលស័ង្កសីមានសភាពចាស់ខ្លាំង អាចប្រឈមនឹងការលេចធ្លុះធ្លាយ នៅពេលមិនយូរប៉ុន្មានខាងមុខ និងដោយបានស្វែងយល់ពីការលំបាករបស់សិស្សានុសិស្ស លោកក៏បានសម្រេចជួយធ្វើការផ្លាស់ប្តូរស័ង្កសីចាស់ចេញ ដោយប្រក់ជំនួសមកវិញនូវស័ង្កសីថ្មី ដែលជាប្រភេទស័ង្កសីមានគុណភាពខ្ពស់ ហើយការជួសជុលអគារសិក្សានេះ នឹងជំរុញឱ្យបានរួចរាល់ និងចប់សព្វគ្រប់នៅមុនពេលបើកបវេសនកាលឆ្នាំសិក្សាថ្មី (២០២៤-២០២៥) ខាងមុខនេះ។
រីឯការជួសជុលឡើងវិញ អគារសិក្សា ១ខ្នងនេះ នឹងត្រូវចំណាយថវិកាអស់ជាង ១៣លានរៀល ក្នុងនោះ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានឧបត្ថម្ភថវិកាមានចំនួនជាង ៧លានរៀល ដើម្បីជួយជ្រោមជ្រែងក្នុងដំណើរការជួសជុល ដែលសាលារៀនកំពុងមានបញ្ហាប្រឈម នឹងការខ្វះខាត និងឈានទៅបញ្ចប់នៅក្នុងការជួសជុលទាំងស្រុង។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង ផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ពិសេសនាយកសាលា ត្រូវបន្តរួមគ្នាកែលម្អនៅក្នុងបរិវេណសាលារៀន ដោយធ្វើការដាំផ្កា ស្ថាបនាសួនច្បារឲ្យមានសោភ័ណភាព ដើម្បីឱ្យក្លាយជាសាលារៀនគំរូ ហើយនៅពេលបើកបវេសនកាលថ្មី ខាងមុខនេះ លោកអភិបាលខេត្ត សន្យាថា នឹងមកចូលរួមក្នុងដំណើរការ បើកបវេសនកាលឆ្នាំសិក្សាថ្មី(២០២៤-២០២៥) ថែមទៀតផង៕ដោយ៖ឡុង សំបូរ