សមត្ថកិច្ចខេត្តព្រះវិហារ ចុះបង្ក្រាបរណ្តៅរុរករ៉ែមាសល្មើសច្បាប់ពីរកន្លែង នៅក្នុងស្រុករវៀង

0

ខេត្តព្រះវិហារ៖ រណ្តៅ​ជីក​រុករក​រ៉ែ​មាស​ខុសច្បាប់ និង​អនាធិបតេយ្យ​ពីរ​កន្លែង ​ត្រូវ​បានព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា ដឹកនាំក​ម្លាំ​ងសមត្ថកិច្ចចម្រុះ ​នៃ​មន្ទីរ​រ៉ែ ​និង​ថាមពល​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ​​ចុះ​​បង្ក្រាប និងកម្ទេច​​សម្ភា​រ​ចោល​ទាំងស្រុង នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិរំដេង ឃុំរមទម ស្រុករវៀង។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ក្រុមការងារមន្ទីរបានចុះអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ភ្នំលុងនោះជាច្រើនដង ដើម្បីការពារអាយុជីវិតកម្មករ។ ហើយអាជ្ញាធរអនុញ្ញាតឱ្យជីកតែរណ្តៅរ៉ាក់ៗហាមជីកលុងជ្រៅជាកំពែងចូលជ្រៅទៅក្នុងដីជ្រៅ។

លោក ស៊ុន ចន្ទ័រក្សា បានបន្តថា ទីតាំងជីករុករករ៉ែមាសខុសច្បាប់ទាំង២ ដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនោះ គឺ ១-ម្ចាស់ឈ្មោះ បូរ នៅជាប់ជើងភ្នំលុង ត្រូវបានក្រុមសន្តិសុខយកគ្រឿងចក្រកាយលុបរណ្តៅចោល និង ២-មិនស្គាល់អត្តសញ្ញាណម្ចាស់នោះទេ តែទីតាំងទី២នេះ បានធ្វើនៅក្នុងដីឡូតិ៍ផ្ទះចែឆយ ត្រូវកម្លាំងសមត្ថកិច្ចកំទេចចោលទាំងស្រុង។

លោក ស៊ុន ចន្ទ័រក្សា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ភ្នំលុងទាំងអស់ ជាពិសេសកម្មករដែលចំណាកស្រុក មកធ្វើជាកម្មករជីរុករករ៉ែមាស សូមកុំជឿតាមឧបាយកលទុច្ចរិតរបស់ថៅកែៗ ជីករុករករ៉ែមាសខុសច្បាប់ និងគ្មានបច្ចេកទេសត្រឹមត្រូវនោះទៀត ជាហេតុនាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូន។

គួរបញ្ជាក់ថា ទីតាំងជីករុករករ៉ែមាសខាងលើ គឺជាទីតាំងដែលរាជរដ្ឋាភិបាល បានផ្តល់សិទ្ឋឱ្យក្រុមហ៊ុនដែលខមកម្ពុជា ធ្វើការស្រាវជ្រាវរុករករ៉ែមាស រីឯអាជ្ញាធរ និងមន្ទីរជំនាញបានហាមមិនឱ្យប្រជាពលរដ្ឋ ជីករុករករ៉ែមាសដោយគ្មានបច្ចេកទេសត្រឹមត្រូវនោះទេ ព្រោះត្បិតនៅក្នុងឆ្នាំកន្លងទៅ បានធ្វើឱ្យកម្មករជីករ៉ែមាសគ្រោះថ្នាក់ស្លាប់ជាបន្តបន្ទាប់ ដោយសារការជីករុករករ៉ែមាស គ្មានបច្ចេកទេសត្រឹមត្រូវ៕ដោយ៖ឡុង សំបូរ