ខេត្តស្ទឹងត្រែង៖ អាជ្ញាធរមានសមត្ថកិច្ច រួមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានកៀងស្ទាក់ចាប់បានហ្វូងសត្វទន្សោងគោរព្រៃចំនួន ១៦ក្បាល ដែលជាសត្វកំពុងប្រឈមហានីភ័យ និងរងការតាមប្រមាញ់ពីព្រានព្រៃគ្រប់ពេលវេលា នាថ្ងៃទី១៥ឧសភា២០២៥ នៅក្នុងភូមិសាស្ត្រ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ការគៀង និងស្ទាក់ចាប់បានសត្វទន្សោងគោព្រៃទាំង ១៦ក្បាលនោះ បានធ្វើឡើងក្រោមកិច្ចសហការយ៉ាងស្និតរមួត រវាងកម្លាំងជំនាញរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ទីរបរិស្ថានខេត្ត, កងរាជអាវុធហត្ថខេត្ត, គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសៀមប៉ាង ដោយមានកិច្ចសហការគាំទ្រពី អង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិក បានបើកប្រតិបត្តិការគៀងចាប់ហ្វូងសត្វទន្សោងគោព្រៃ ដែលបានបម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង រហូតមកដល់ចំនុចដែលមានការគម្រាមកំហែង ពីការតាមប្រមាញ់ និងការបរបាញ់របស់ក្រុមជនខិលខូចមួយចំនួនតូចនៅក្នុងមូលដ្ឋាន ដើម្បីយកទៅរក្សាទុក និងអភិរក្សនៅកន្លែងដែលមានសុវត្ថិភាពវិញ ប្រកបដោយជោគជ័យ។
នៅក្នុងប្រតិបត្តិការរួមគ្នាដែលមានរយៈពេល ៣ថ្ងៃ គឺ ចាប់ពីថ្ងៃទី១៣ ដក់ថ្ងៃទី១៥ ឧសភា ២០២៥ ក្រុមការងារគៀងចាប់បានសត្វទន្សោងចំនួន ១៦ក្បាល ក្នុងនោះសត្វទន្សោយញីចំនួន ១១ក្បាល៕ដោយ៖ឡុង សំបូរ