កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពង់ចាម និងឯកឧត្តម ផេង គឹមស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បាននាំយកពូជស្រូវ របស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុង ប្រមាណ ១៤តោន ៧០០គីឡូក្រាម ផ្តល់ជូន ប្រជាកសិករ ចំនួន ១៤៧គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ មកពីឃុំព្រែកកក់ និងឃុំ ព្រែកបាក់ នៃស្រុកស្ទឹងត្រង់ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចែកជូន ពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយពូជស្រូវ OM5451នេះ គឺសម្រាប់ស្ដារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះនាពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មិនប្រកាន់ចំពោះរដូវ កាល និងមានរយៈពេលខ្លី ដែលអាចទទួលបានទិន្នផលខ្ពស់ទៀតផង ដូច្នេះនៅពេលដែលបងប្អូន ទទួលបានពូជស្រូវនេះហើយ សូមយកទៅដាំដុះឱ្យបានទាន់ពេលវេលា ដើម្បីស្តារជីវភាពគ្រួសារ ឡើងវិញ ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ ន្ធស្បៀងបំរុង កម្ពុជាចំនួន១៤,៧០០គីឡូក្រាម ជូនដល់បងប្អូនប្រជាកសិករ ១៤៧គ្រួសារ ដោយក្នុង ១គ្រួសារ ចំនួន ១០០គីឡូក្រាម ដើម្បីធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់ ទន្លេមេគង្គ នាពេលកន្លងមក ព្រមទាំងបានចាត់មន្ត្រីជំនាញឱ្យចុះបង្ហាត់បង្រៀនពីរបៀបនៃការដាំដុះ ផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋទាំងអស់ សូមកុំប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះការញៀនល្បែងនាំឱ្យមានប ញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ ធ្លាក់ចូលទៅក្នុអំពើអបាយមុខ បំផ្លាញអនាគតខ្លួនឯង និងក្រុមគ្រួសារ ហើយត្រូវចៀសឱ្យផុតពីគ្រឿងញៀនទៀតផង ពិសេសសូមបញ្ជូនកូនចៅ ឱ្យចូលរៀន ហើយឱ្យ រៀនបានចប់ថ្នាក់បាក់ឌុប និងបន្តកម្រិតឧត្តមសិក្សា ដើម្បីពួកគាត់មានឱកាសចូលរួមប្រកួតប្រជែង នៅក្នុងទីផ្សារការងារ ដើម្បីទទួលបានប្រាក់ខែខ្ពស់ យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជាចូលរួម ចំណែកកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
បេីតាមលោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា នៅអំឡុងខែសីហា ឆ្នាំ២០២៤នេះ ឃុំព្រែកកក់ និងឃុំព្រែកបាក់ បានទទួលរងគ្រោះដោយជំនន់ទឹកទន្លេមេគង្គលើកទី១ បណ្តាលឲ្យប៉ះពាល់ ដំណាំស្រូវវស្សា និងពោតក្រហម របស់ប្រជាពលរដ្ឋសរុប ១១៦ហិកតា ស្មើនឹង ១៤៧គ្រួសារ ក្នុងនោះផ្ទៃដីដែលខូចខាត ៨៥ហិកតា ស្មើនឹង ១៤៧គ្រួសារ ៕