ខេត្តតាកែវ៖ ឯកឧត្តម នួន ដាញុិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារគណ:កម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតបានចុះត្រួតពិនិត្យ និងវាយតម្លៃ ផ្លូវចំនួន១៨ខ្សែស្ថិតក្នុងភូមិសាស្រ្តទឹកដីខេត្តតាកែវលើការងារថែទាំចាំផ្លូវក្រាលល្បាយគ្រួសចំនួន១៤ខ្សែនិងថែទាំប្រចាំផ្លូវកៅស៊ូ (DBST)ចំនួន៤ខ្សែនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ។
បន្ទាប់ពីបានចុះពិនិត្យនិងវាយតម្លៃ ដោយផ្អែកទៅលើលក្ខណៈបច្ចេកទេស សោភ័ណភាព និងគុណភាព ផ្លូវក្រាលកៅស៊ូ(DBST) ក៏ដូចជាផ្លូវល្បាយក្រួស គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកមួយរយភាគរយ (១០០%) លើការងារអនុវត្តរបស់មន្ទីរអភិវឌ្ឍន៍ខេត្តតាកែវតាមកិច្ចសន្យា ។
នៅក្នុងឱកាសនោះ ឯកឧត្តម នួន ដាញុិល បានណែនាំបន្ថែមដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវធ្វើយ៉ាងណាត្រូវបន្តខិតខំថែទាំផ្លូវទាំងអស់នៅក្នុងខេត្តឱ្យបានល្អប្រសើរ ដើម្បីផ្តល់ភាពងាយស្រួលដល់ ប្រជាពលរដ្ឋ ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ទីប្រជុំជន និងងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋសិស្សានុសិស្សធ្វើដំណើទៅកាន់ទីផ្សារ វត្តអារាម មណ្ឌលសុខភាពជាដើម។ល។ប្រកបដោយសុវត្ថិភាពត្រូវយកចិត្តទុកដាក់ធ្វើការជួសជុល ថែទាំឡើងវិញ ជាពិសេសផ្លូវដែលរងការខូចខាតដោយទឹកជំនន់ ជំនន់ ទឹកភ្លៀង និងបន្តកិច្ចសហការជាមួយអង្គភាពពាក់ពន្ធជាពិេសសរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក។
ជាមួយគ្នានេះដែរ ឯកឧត្តម ងួន ដាញុិល បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ៣០គ្រួសារដែលរស់នៅតាមបណ្ដោយខាងលើ នឹងបានចែកក្រមាជាទ្រនាប់ទ្រាប់ដៃផងដែរ។
ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមថែរក្សាផ្លូវទាំងអស់នេះជាពិសេសសូមបងប្អូនចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕