សៀមរាប៖ នៅក្នុងពិធីផ្សព្វផ្សាយមួយ ស្តីពីការលើកកម្ពស់ការយល់ដឹងរបស់យុវជន សង្កត់ធ្ងន់លើការប្តេជ្ញាប្រកាន់ភ្ជាប់ឥរិយាបថវិជ្ជមាន ដើម្បីបញ្ចប់ជំងឺអេដស៍ ក្នុងគោលបំណងជំរុញយុវជនឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីអំពើទាំងឡាយ ដែលអាចជួយបញ្ចៀសការឆ្លងរាលដាលនៃជំងឺនេះ ពិធីនេះបានធ្វើនៅក្នុងបន្ទប់ប្រជុំសកលវិទ្យាល័យអង្គរ នៃខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៤ ដោយអញ្ជើញជាអធិបតី ឯកឧត្តម សាស្រ្តាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប ឯកឧត្តម តែង គន្ធី អនុប្រធានគណៈកម្មាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងសិស្សនិសិត្សមកពីសាលាផ្សេងៗក្នុងសរុបជាង៣០០នាក់។
លោកជំទាវ ទុយ ជិ មានប្រសាសន៍ថា ក្រសួងសុខាភិបាល និងអង្គការសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងសហគមន៍នៅក្នុងសៀមរាប បានសហការគ្នា ដើម្បីធ្វើឲ្យពិធីនេះប្រព្រឹត្តទៅ ដោយមានការចូលរួមយុវជនយ៉ាងច្រើន ដើម្បីលើកស្ទួយសុខភាពសង្គម និងការរស់នៅប្រកបដោយសុវត្ថិភាពពីជំងឺអេដស៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានតួនាទីសំខាន់ជាប្រធានដឹកនាំកាកបាទក្រហមកម្ពុជា បាននលើកស្ទួយនិងលើកកម្ពស់គម្រោងនានា អំពីការរួមចំណែកក្នុងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយនិងបង្រៀនប្រជាពលរដ្ឋអំពីការពារការឆ្លងរាលដាលនៃជំងឺអេដស៍ និងបានប្តេជ្ញាថា កាកបាទក្រហមកម្ពុជា នឹងបន្តគាំទ្រធ្វើសកម្មភាពជាផ្លូវការដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺនេះ និងជំរុញសុខភាពសាធារណៈដើម្បីបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងសង្គម។
ឯកឧត្តម សាស្រ្តាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង លើកឡើងដូច្នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាគំរូវិរភាពនៃការងារ ក្នុងតួនាទីជាប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានឧទ្ទិសខ្លួនក្នុងការរួមចំណែកជួយសង្គម និងផ្តល់ការគាំទ្រដល់ក្តីសុបិនរបស់កម្ពុជា ដោយផ្តោតលើការផ្សព្វផ្សាយអំពីសុខភាពសាធារណៈ ការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងក្តីស្រឡាញ់ដល់ប្រជាពលរដ្ឋ ក្នុងនាមជាយុវជន ដើម្បីចូលរួមក្នុងការបញ្ចប់ជំងឺអេដស៍ និងរួមចំណែកក្នុងការរីកចម្រើននៃសង្គម គឺ ការផ្សព្វផ្សាយចំណេះដឹង: យុវជនអាចចូលរួមក្នុងការផ្សព្វផ្សាយព័ត៌មានអំពីការពារជំងឺអេដស៍ ទាំងនៅក្នុងសហគមន៍ និងតាមបណ្តាញសង្គម ដើម្បីបង្កើនការយល់ដឹងអំពីការឆ្លងរាលដាល និងវិធានការពារ ការប្រកាន់ខ្ជាប់ឥរិយាបថវិជ្ជមាន: យុវជនគួរតែប្រកាន់ខ្ជាប់នូវទស្សនៈវិជ្ជមាន និងការរស់នៅប្រកបដោយសុវត្ថិភាព ដោយគោរពវិធានការការពារជំងឺ និងការទទួលខុសត្រូវក្នុងអំពើសិចសុវត្ថិភាព។
ឯកឧត្តមហោ ប៊ុនឡេង បន្តថា យុវជនអាចចូលរួមសកម្មភាព និងកម្មវិធីផ្សេងៗ ដែលរៀបចំដោយស្ថាប័នសុខាភិបាល ឬអង្គការសង្គមដើម្បីជួយបង្កើនការយល់ដឹងអំពីជំងឺអេដស៍ និងជួយពលរដ្ឋក្នុងការការពារពីជំងឺនេះ រួមចំណែកជាកម្មវិធីស្ម័គ្រចិត្ត: ការចូលរួមកម្មវិធីស្ម័គ្រចិត្តជាមួយអង្គការផ្សេងៗ ដែលធ្វើការផ្សព្វផ្សាយអំពីការពារ និងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ នឹងជួយលើកកម្ពស់សុខភាពសាធារណៈ និងការរស់នៅប្រកបដោយសុវត្ថិភាពក្នុងសហគមន៍ ទទួលខុសត្រូវចំពោះសុខភាពផ្ទាល់ខ្លួន: យុវជនគួរតែយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន និងមានការអភិវឌ្ឍន៍ចំណេះដឹងបន្ថែមអំពីវិធានការការពារ និងការពិនិត្យសុខភាពជាប្រចាំ ដើម្បីបញ្ចប់បញ្ហាអេដស៍ឲ្យបានក្នុងឆ្នាំ២០២៥នេះ។
ឯកឧត្តម តែង គន្ធី បានលើកជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួល ដើម្បីធានាឱ្យសហគមន៍ ដែលរងគ្រោះដោយសារមេ រោគអេដស៍ ជាពិសេសប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ មានលទ្ធភាពចូលរួមចំណែក ក្នុងការដឹកនាំសកម្មភាព បទអន្តរាគមន៍ ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ យ៉ាងទូលំទូលាយ ពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីធានាថា មានសេវាគ្រប់គ្រាន់ ក្នុងការធ្វើតេស្តរកមេរោគអេដស៍, ការ ព្យាបាល និងការគាំពារផ្នែកសង្គម ជំរុញ និងបង្កបរិយាកាសរីករាយ ដែលធានាឱ្យអ្នករងគ្រោះដោយសារមេរោគអេដស៍ លើកកម្ពស់ចំណេះដឹងរបស់និស្សិត និងយុវជនអំពីមេរោគអេដស៍ និងជំងឺអេដស៍ត្រូវមានការពង្រឹងសមត្ថភាពនៅតាមផ្នែកនីមួយៗ ដើម្បីឱ្យពួកគេអាចដឹងច្បាស់ពីបញ្ហាដែលអាចប៉ះពាល់លើសុខភាព និងកិច្ចការបង្ការនានា ដែលកម្ពុជា បានដាក់គោលដៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ 2025 ដោយសារតែប្រទេសនេះមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ គោលដៅនេះត្រូវបានកំណត់ដោយផ្អែកលើភាពជោគជ័យនៃការដាក់គោលនយោបាយ និងវិធានការទប់ស្កាត់ផ្សេងៗដែលបានធ្វើមកលើសព្វថ្ងៃនេះ។ ដោយ ប៊ុន រដ្ឋា