កំពង់ធំ÷ នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រមកម្ពុជា លោកជំទាវ លំ គន្ធារី ប្រធានស្ដីទីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រមក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តកំពង់ធំ បានអញ្ចើញជាគណៈអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន៧៥នាក់ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍០១ ធ្នូ ២០២៤ ក្រោមប្រធានបទ(សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍)។ ពិធីនេះប្រព្រឹត្តទៅនៅស្នាក់ការកខេត្ត ស្ថិតនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពងើធំ។
លោកជំទាវ លំ គន្ឋារី បានថ្លែងថា ត្រូវពង្រឹងប្រព័ន្ធជាតិឆ្លើយតមនឹងមេរោគអេដស៍និងជំងឺអេដស៍ជាលក្ខណៈពហុវិស័យ ការដឹកនាំ សម្របសម្រួល តាមដាន និងវាយតម្លៃរបស់ស្ថាប័នជាតិ តែមួយ។ ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ ដើម្បីជំរុញឱ្យមហាជនយល់ដឹងអំពីហានីភ័យនៃការជាពិសេសអ្នកផ្ទុកមេរោគអេដស៍ដែលមិនទាន់ដឹងថាខ្លួន មានផ្ទុកមេរោគអេដស៍ប្រមាណជាង១១.០០០នាក់។ ថែទាំ និងព្យាបាលឲ្យកាន់តែប្រសើរ ដោយខិតខំបញ្ចូលសេវាព្យាបាលជំងឺអេដស៍ទៅក្នុងប្រព័ន្ធសុខាភិបាល។ ម្មវិធីគាំពារសង្គម ដើម្បីអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ និង ប្រជាជនគន្លឹះមានលទ្ធភាពទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល(មសស) ទៅតាមស្ថានភាពជីវភាពជាក់ស្តែង និងទទួលបានអត្ថប្រយោជន៍ទៅតាមលក្ខខណ្ឌ និងនីតិវិធីរបស់កម្មវិធី។
បញ្ចប់ការរើសអើងនិងម៉ាក់ងាយ ដើម្បីឲ្យអ្នកផ្ទុកមេរោគអេដស៍ អាចមកទទួលសេវាមេរោគអេដស៍
សេវាសង្គមកិច្ចផ្សេងៗ និងអាចរស់នៅក្នុងសង្គមដោយស្មើរមុខ និងទទួលសិទ្ធិគ្រប់យ៉ាងដូចពលរដ្ឋឯទៀតដែរ។ ចលនាធនធាន សំដៅស្វែងរកប្រភពធនធានសមស្រប គ្រប់គ្រាន់ជាក់លាក់ ដើម្បីធានាគាំទ្រកម្មវិធីអេដស៍ឲ្យអនុវត្តបាន ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចណា។ ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដានវាយតម្លៃជាតិ ដើម្បីធានាថា រាល់ទិន្នន័យជាទិន្នន័យតួជាទី ទុកចិត្តបាន ទាំងផ្នែកសុខាភិបាល ទាំងផ្នែកក្រៅសុខាភិបាល នឹងត្រូវបានប្រមូល វិភាគ និងវាយតំលៃគ្រប់ជ្រុងជ្រោយ។
ក្នុងឱកាសនោះលោកជំទាវ ពុំ ចន្ទីនី បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍និងការអភិវឌ្ឍនៅកម្ពុជា។
ជាមួយគ្នានេះលោកជំទាវ បានថ្លែងបញ្ជាក់ថាការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងឱកាសពេលនេះគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាពមិនរើសអើងជាមួយអ្នករស់នៅជាមួយមេរោគអេដស៍ និងការលើកកម្ពស់សិទ្ធិរស់នៅស្មើមុខស្មើមាត់ជាមួយប្រជាពលរដ្ឋទូទៅក្នុងសង្គមជាតិ និងជាការបង្ហាញពី វឌ្ឍនភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបានមួយឆ្នាំកន្លងមក ក្នុងការឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះលោកជំទាវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាពហុវិស័យជាមួយ កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិ ស្ថាប័នរដ្ឋ-ឯកជន សប្បុរសជន និងដៃគូគ្រប់មជ្ឈដ្ឋាន ដើម្បីយើងទាំងអស់គ្នាឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំង ៧៥គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបានអំណោយ៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ១០កំប៉ុង, មុង០១, ភួយ០១, សារុង០១, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ០១យួរ និងថវិកាមួយចំនួនផងដែរ៕ អត្ថបទលោក ធូ កែវមុន្នី