កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ធំ បានរៀបចំនូវ វគ្គបណ្តុះបណ្តាល ស្តីពី “ការគ្រោងថវិកា និងការចំណាយថវិកាសេវាសង្គម ឃុំ-សង្កាត់” ។ សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ និង ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ ព្រមទាំងការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយកប្រតិបត្តិ នៃអង្គការសម្ព័ន្ធភាពដៃគូ ដើម្បីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ CPDD និងសិក្ខាកាមមកពីបណ្តារ អង្គភាព ពាក់ព័ន្ធផងដែរ។
ឯកឧត្តម ញឹក បានខេង មានប្រសាសន៍ថាគោលបំណងក្នុងការបង្កើតនូវ វគ្គបណ្ដុះបណ្ដាលនេះឡើងមិនត្រឹមតែរួមចំណែកដល់ការគាំទ្រ និងការអនុវត្តសេវាសង្គមឃុំ -សង្កាត់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស ដែលត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា បានចាត់ទុកជាអាទិភាពខ្ពស់បំផុត នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ៕
គួរបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាល ស្តីពី “ការគ្រោងថវិកា និងការចំណាយថវិកាសេវាសង្គម ឃុំ-សង្កាត់” មានការចូលរួមជួយជ្រោមជ្រែង និងឧបត្ថម្ភដោយ អង្គការសម្ព័ន្ធភាពដៃគូ ដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (សម្ព័ន្ធភាព CPDD) អង្គការខេមរា អង្គការអនាគតកុមារ(AK) អង្គការអ្នកអភិវឌ្ឍន៍សហគមន៍ (NAS) និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) ពិសេសម្ចាស់ជំនួយរបស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់ និងអង្គការមូលនិធិអាស៊ី (TAF) ដែលគាំទ្រដល់អង្គការដៃគូអភិវឌ្ឍន៍។
អត្ថបទ និងរូបភាពដោយ លោកយីម ប៊ុន ហ័រ