អភិបាលស្រុកស្ទោង បានលើកឡើងថា ផ្លូវបេតុងខ្វែងខ្វាត់ក្នុងមូលដ្ឋាន គឺជាតឹកតាងនៃសុខសន្តិភាព និងការអភិវឌ្ឍ

0

ខេត្តកំពង់ធំ÷ លោក សាយ គឹមឡម បានលើកឡើងដូច្នេះ នៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញចុះត្រួតពិនិត្យមើលដំណើរការធ្វើផ្លូវបេតុងថ្មីស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះ លោកបានអំពាវនាវបន្ថែមទៀតដល់ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងថ្មីនេះត្រូវនាំគ្នាជួយថែរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ដើម្បីសោភ័ណភាពផ្លូវ ឬកុំឱ្យមានការកកស្ទះ ឬសំរាមនានាដែលបង្កភាពអនាធិបតេយ្យនិងកង្វក់បរិស្ថានជាដើម។

លើសពីនេះលោក បានណែនាំដល់លោកមេឃុំកំពង់ចិនត្បូង និងសហការី ត្រូវខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសត្រូវនាំគ្នាតាមដានត្រួតពិនិត្យជាប្រចាំរាល់សកម្មភាពសាងសង់របស់អ្នកម៉ៅការ ដើម្បីធានាបានតាមបទដ្ឋានបច្ចេកទេសគុណភាព ។

ទន្ទឹមនឹងនេះលោកអភិបាលស្រុកស្ទោងបានជំរុញដល់អ្នកទទួលការ សូមធ្វើផ្លូវបេតុងថ្មីនេះប្រកបដោយបទដ្ឋានបច្ចេកទេស កិច្ចសន្យាដើម្បីធានាបាននូវគុណភាពខ្ពស់ជាពិសេសទទួលបាននូវផ្លូវថ្មីប្រកបដោយសោភ័ណភាពនិងប្រើប្រាស់បានយូរអង្វែង។

គួរបញ្ជាក់ផងដែរថា ផ្លូវបេតុងថ្មីដែលកំពុងដំណើរការសាងសង់នេះមានប្រវែង ១៨៣ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដែលជាថវិកាមូលនិធិឃុំកំពង់ចិនត្បូងឆ្នាំ២០២៤៕