ខេត្តស្ទឹងត្រែង៖ ត្រីប៉ាវ៉ាមុខពីរ ត្រូវបានគេចាត់ទុកជាត្រីងាយរងគ្រោះ និងជិតផុតពូជ ១ក្បាល មានទម្ងន់ជាង ៦គីឡូក្រាម មានតម្លៃជាង ១លានរៀល ត្រូវបានអ្នកនេសាទនៅក្នុងខេត្តស្ទឹងត្រែង ចាប់បាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ អ្នកនេសាទបង្ហាញការរីករាយ គ្រាដែលរកចំណូលបានពីការនេសាទ និងលក់ត្រីបានក្នុងតម្លៃខ្ពស់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
ប្រជានេសាទបានប្រាប់ឱ្យដឹងថា ត្រី១ក្បាលដែលទើបចាប់បាននេះ មានឈ្មោះថា ត្រីប៉ាវ៉ាមុខពីរ មានទម្ងន់ជាង ៦គីឡូក្រាម ហើយលក់បានក្នុង ១គីឡូក្រាម តម្លៃជិត ២០ម៉ឺនរៀល ជាសរុបមានតម្លៃរហូតដល់ទៅជាង ១លានរៀល ត្រីប៉ាវ៉ាមុខពីរនេះ ត្រូវគេចាត់ទុកក្នុងលំដាប់ត្រីលេខ២ បន្ទាប់ត្រីប៉ាសេអ៊ី ។ ចំពោះត្រីទាំងពីរប្រភេទ (ត្រីប៉ាសេអ៊ី និងត្រីប៉ាវ៉ាមុខពីរ) ដែលមានតម្លៃខ្ពស់បែបនេះ ប្រជាពលរដ្ឋសាមញ្ញពុំមានលទ្ធភាពទិញជាអាហារនោះឡើយ។
អ្នកលក់ត្រីបាននិយាយថា មូលហេតុគេហៅត្រីប៉ាវ៉ាមុខពីរ ក៏ព្រោះតែច្រមុះវាមានបន្លាមុខពីរ មានធ្មេញខុសពីត្រីដទៃ ហើយសម្បុរវាមានពណ៌លឿងទុំ គេអាចយកវាទៅស្ងោជ្រក់,ចំហុយ,អាំង ,ធ្វើផ្អក ឬ អាចវះធ្វើត្រីងៀតជាដើម។ ចំពោះពលរដ្ឋធម្មតាមិនដែលបានភ្លក់រសជាតិវាទេ គឺមានតែម្ចាស់ភោជនីយដ្ឋានប៉ុណ្ណោះ ទើបមានលទ្ធភាពទិញទុកលក់បន្តឱ្យឧកញ៉ា ឯកឧត្តម លោកជំទាវ ឬ អ្នកមានលុយ ទើបបានទទួលទានត្រី ដែលមានតម្លៃខ្ពស់បែបនេះ។
កាលពីជាង១០ឆ្នាំមុន ត្រូវគេកត់សម្គាល់បានថា ត្រីប្រភេទនេះពុំសូវមានតម្លៃខ្ពស់នោះទេ ហើយក៏ពុំសូវមានអ្នកចង់ទិញយកទៅបរិភោគដែរ ប៉ុន្តែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រីប្រភេទនេះកាន់តែថយចុះ ខ្សត់ទៅៗ ទើបវាមានតម្លៃកាន់តែខ្ពស់រកនឹកស្មានមិនដល់។
អង្គការ Wonders of the Mekong បានចេញផ្សាយត្រីប៉ាវ៉ាមុខពីរ មានឈ្មោះបែបវិទ្យាសាស្រ្តថា Incisilabeobehri វាជិតផុតពូជពីលើភពផែនដីទៅហើយ។ ត្រីប៉ាវ៉ាមុខពីរ បានធ្វើដំណើរចេញពីទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក តាំងពីវានៅតូចៗ ចូលទៅក្នុងទន្លេមេគង្គ។ ប្រហែលវាចុះទៅដល់ព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង ឬ អាចហែលទៅដល់ប៉ែកខាងត្បូង ប្រទេសឡាវ និងភាគឦសានប្រទេសថៃ ដើម្បីរកចំណី (ស្លែនៅតាមដុំថ្ម)។ វាមានពងកូននៅចំកណ្តាលទន្លេសេកុង ក្នុងខែកក្កដា និងខែសីហា។ វាអាចមានទំហំធំបំផុតដល់ទៅ ៦០សង់ទីម៉ែត្រ។ ត្រីប៉ាវ៉ាមុខពីរបានចាត់ចូលក្នុងបញ្ជីក្រហមរបស់ IUCN កាលពីឆ្នាំ២០១១ ថា ជាប្រភេទត្រីងាយរងគ្រោះ៕ដោយ៖ឡុង សំបូរ