ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ រយៈពេល១ ឆ្នាំ២០២៤នេះ ទិន្នផលត្រីមានការកើនឡើងជាងឆ្នាំកន្លងទៅ រហូតដល់ទៅ ២០៩តោន ស្មើនឹង៤,៩៧ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ដោយឡែក បទល្មើសនេសាទ ក៏មានការថយចុះគួរឱ្យកត់សម្គាល់ ដែលកត្តាទាំងនេះបានបង្ហាញឱ្យឃើញ ពីការខិតខំរួមគ្នាចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ បានយ៉ាងល្អប្រសើរ ដោយមានការចូលរួមអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញរដ្ឋបាលជលផលស្ទឹងត្រែង ។
នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក ស្រី សំវិចិត្រ បានលើឡើងថា ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំរដ្ឋបាលជលផល ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមញ់ និងនេសាទខេត្តព្រមទាំងមានសហការពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ទីរបរិស្ថាន ឆ្មាំទន្លេ និងសហគមន៍នេសាទ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ប្រកបដោយប្រសិទ្ធភាព និងទទួលលទ្ធផលល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
លោកនាយខណ្ឌជនផល បានបន្តថា បើគិតត្រឹមខែមករា ដល់ដើមខែធ្នូ ២០២៤នេះ ទិន្នផលត្រី ឬ ផលចាប់ពីដែននេសាទក្នុងធម្មជាតិ មានចំនួន ៤ពាន់ ៤១៥តោន កើនឡើងជាង ឆ្នាំ២០២៣ចំនួន ២០៩តោន ស្មើនឹង៤,៩៧ភាគរយ។ លោកថា លទ្ធផលនេះ គឺបានមកពីការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលយ៉ាងសកម្ម ពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ឧទ្យានុរក្ស ឆ្មាំទន្លេអភិរក្សសត្វផ្សោត សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ផងដែរ។
លោក ស្រី សំវិចិត្រ បានបន្តទៀតថា ក្រៅពីលទ្ធផលដ៏ល្អប្រសើរនេះ កម្លាំងសហការ ក៏បានដកហូតសម្ភារៈល្មើសច្បាប់ រួមមាន៖ មងដែលនេសាទក្នុងតំបន់ហាមឃាត់ និងលួចនេសាទខុសច្បាប់ប្រវែង ៥ពាន់ ៧០០ម៉ែត្រ សន្ទូចរនងនេសាទក្នុងតំបន់អភរក្សសត្វផ្សោត និងតំបន់ហាមឃាត់ចំនួន ៥ម៉ឺន ៥ពាន់ ៤៣៣ផ្លែ ទូក ០៨គ្រឿង ម៉ាស៊ីន ០៩គ្រឿង ក្បាលឆក់ (អាំងវែទ័រ) ០៤គ្រឿង ដងឆក់ ០២គ្រឿង អាវុធកែច្នៃ ០១គ្រឿង ថ្នងដងត្រី ០៩គ្រឿង បំផ្លាញរបាំងបិទអូរ ០២កន្លែង មានបង្គោល ២២៥ដើម និងរបាំងព្រួល ៧៥ម៉ែត្រ បំផ្លាញដាយកាត់ទន្លេ ០៥កន្លែង មានសាច់អួនប្រវែង ៨០ម៉ែត្រ បំផ្លាញស្បៃមុងប្រវែង ២ពាន់ ៨៤៥ម៉ែត្រ និងលូស្បៃមុង ៣៧មាត់ ព្រមទាំងបំផ្លាញរបាំងសាច់អួនប្រវែង ២ម៉ឺន ២ពាន់ ២៥០ម៉ែត្រ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្ត ០៥នាក់ ពាក់ព័ន្ធនឹងបទល្មើសនេសាទដោយឧបករណ៍ឆក់។ ទន្ទឹមនោះ មន្ត្រីជំនាញបានចុះអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីជលផលទៅដល់ប្រជានេសាទ ចំនួន ៤៣៧នាក់ និងកិច្ចសន្យា ៦៤នាក់ ។
លោក ស្រី សំវិចិត្រ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទក្នុងដែនអភិរក្ស ប្រទះឃើញប្រភេទត្រីដែលកំពុងរងគ្រោះមួយចំនួន មន្ត្រីជំនាញ និងកម្លាំងសហការ ក៏បានលែងត្រីដែលកំពុងរងគ្រោះ និងត្រីមេពូជចូលក្នុងទន្លេវិញ ប្រមាណ ៥០គីឡូក្រាម ផងដែរ។
លោកនាយខណ្ឌ បានបញ្ជាក់ទៀតថា នៅក្នុងសកម្មភាពចុះផ្សព្វផ្សាយ អប់រំច្បាប់ កន្លងមក ប្រជានេសាទ និងសហគមន៍មូលដ្ឋានមានការយល់ដឹងកាន់តែល្អប្រសើរ ជាមួយការការពារទីជម្រករបស់ត្រីមេពូជ និងតំបន់កន្លែងអភិរក្ស។ ហើយនៅក្នុងឆ្នាំ២០២៤នេះបើនិយយាអំពីកត្តាធម្មជាតិ គឺទឹកឆ្នាំនេះខ្ពស់ជាងឆ្នាំមុន ដែលជាអំណោយផលដល់មច្ឆជាតិ ក្នុងការបន្តពូជ និងស្វែងរកចំណី៕