សៀមរាប៖ នៅព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២៤ នៅទីតាំងវត្ត ស្វាយធំ ភូមិស្វាយធំ ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានដំណេីរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី១១ ក្រោមអធិបតីភាពឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ហែន ពុទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានសមាជិកសមាជិកា មកពីក្រុងរុនតាឯកតេជោសែន និង ស្រុកប្រាសាទបាគង ចូលរួម ប្រមាណជា៤០០នាក់ ។
នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ គោលដៅទី១១ ប្រជាពលរដ្ឋបានលេីកឡេីងពីទុក្ខកង្វល់ បញ្ហាការជំទាស់បើកផ្លូវថ្មី , បញ្ហាដីប៉ះពាល់បូរាណដ្ឋាន , ការសុំបញ្ចប់ទំនាស់ទាមទាដីកេរ្តិ៍ មរតក ,ករណីអគ្គិសនីប្រើប្រាស់មិនគ្រប់គ្រាន់ , សុំជួសជលថែទាំផ្លូវ ,ភូមិឃុំមានសុវត្ថិភាព និង សុំកុំព្យូទ័ររបស់សិស្ស វិទ្យាល័យស្វាយធំ ។
ឯកឧត្តម តោ គឹមស៊ាន បានលើកឡើងថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និង មានអាទិភាពគន្លឹះចំនួន៥ មាន(មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា) របស់រាជរដ្ឋាភិបាលកម្ពុជា បានឆ្លុះបញ្ចាំងជាចម្បង តាមរយៈបញ្ចកោណយុទ្ធសាស្ត្រនៅក្នុងរចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រទាំងមូល ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និង ឆ្លើយតបទៅនឹងសំណូមពរ និង សេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបានបន្តទៀតថា អង្គវេទិកានេះ គឺផ្តល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ដែលអញ្ជើញមកចូលរួមនៅទីនេះ ស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង បញ្ហាប្រឈមនានា ព្រមទាំងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ តម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមបានឲ្យវាគ្មិន ដែលជាប្រធាន ឬ តំណាងមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន បានធ្វើការបកស្រាយបំភ្លឺនូវសំណួរ-សំណូមពរ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង បានសមស្របទៅតាមគោលបំណងនៃសាមីសំណួរ-សំណូមពរ បងប្អូនចង់បាន ។ ឯកឧត្តម តោ គឹមស៊ាន បានបន្តទៀតថា ការអភិវឌ្ឍប្រទេសជាតិ ការអភិវឌ្ឍមូលដ្ឋាន មានលទ្ធផលវិជ្ជមាន ទៅបានដរាបណាមានការចូលរួមជាធនធានថវិកា ការថែទាំ និង មតិយោបល់ពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន អ្នកពាក់ព័ន្ឋផ្សេងៗទៀត និង ត្រូវដឹងឲ្យបានច្បាស់អំពីតម្រូវការរបស់ពួកគាត់ ទើបយើងអាចធ្វើការអភិវឌ្ឍបានចំទិសដៅ និងស្របតាមតម្រូវការរបស់ពួកគាត់ ។
មានប្រសាសន៍ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះដែរ លោក ហែន ពុទ្ធី អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកជីក្រែង ដែលបានលើកឡើងនូវសំណើ និង សំណូមពរយ៉ាងផុស ផុលដែលនេះ សបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានជំនឿទុកចិត្ត ជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយនូវបញ្ហាប្រឈម និង សំណូមពររបស់ពួកគាត់។ ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលជាបញ្ហាប្រឈមចាំបាច់ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និង ជម្រុញដល់មន្ទីរជំនាញពាក់ព័ន្ធ និង អាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក សហការគ្នាធ្វើការដោះស្រាយ នូវរាល់បញ្ហាដែល បងប្អូនបានលើកឡើង ឲ្យទទួលបានលទ្ធផលជាផ្លែផ្កា ជូនបងប្អូនប្រជាពលរដ្ឋ ។
ឆ្លើយតបទៅនឹងសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និង លោកអភិបាលរងខេត្ត និង មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានធ្វើការបកស្រាយបំភ្លឺ នូវសំណួរ សំណូមពរនិងក្តីកង្វល់ដែលប្រជាពលរដ្ឋលើកជាក់ស្ដែង ចំនួន ១១ ។ ដោយឡែកចំពោះសំណួរសំណូមពរជាលាយលក្ខ័ណ៍អក្សរចំនួន ១៥ នៅមិនទាន់បានឆ្លើយបំភ្លឺ ក្រុមប្រឹក្សាខេត្តនឹងប្រមូលយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៍អក្សរដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ៕