ដោយ៖ឡុង សំបូរ
ខេត្តឧត្តរមានជ័យ៖ ប្រសាសន៍អំពាវនាវរបស់លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅក្នុងពិធីអបអរសាទរខួបលើកទី២៦ នៃទិវាសន្តិភាពនៅកម្ពុជា នៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ទី២៨ធ្នូ២០២៤ នៅទីតាំងស្តូបឈ្នះឈ្នះ អន្លង់វែង ដែលជាទឹកដីប្រវត្តិសាស្ត្រ នៅក្នុងការបញ្ចប់សង្គ្រាមចុងក្រោយបង្អស់នៅកម្ពុជា។
នៅក្នុងការប្រារព្ធពិធីអបអរសាទរខួបលើកទី២៦ នៃទិវាសន្តិភាពនៅកម្ពុជា នាគ្រានោះក៏មានការអញ្ជើញចូលរួមពី លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យ ផងដែរ។
លោកទេសរដ្ឋមន្ដ្រី គន់ គីម មានប្រសាសន៍ថា គុណបំណាច់នៃនយោបាយឈ្នះឈ្នះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបានឡើយ ដែលបាននាំមកនូវសន្តិភាពដូចសព្វថ្ងៃនេះ ។ លោកថា ការអនុវត្តនយោបាយឈ្នះឈ្នះ នៅកម្ពុជា ឲ្យទទួលបានភាពជោគជ័យ គឺ ចំណុចសំខាន់បំផុតការជឿជាក់លើថ្នាក់ដឹកនាំ ប្រតិបត្តិករនយោបាយឈ្នះឈ្នះ ជាពិសេសធ្វើឱ្យភាគីម្ខាងទៀត មានការជឿជាក់ និងទុកចិត្តឥតសង្ស័យមកលើសម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុទេសក៍ឯក នៃនយោបាយឈ្នះឈ្នះ។
លោកទេសរដ្ឋមន្ដ្រី គន់ គីម មានប្រសាសន៍ទៀតថា ការអនុវត្តនយោបាយឈ្នះឈ្នះ ដោយផ្អែកលើការធានា ៣យ៉ាង គឺ ១-ការធានារូបកាយ និងអាយុជីវិត, ២- ការធានាអាជីព និងមុខរបរ និង៣-ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ។ លោកទេសរដ្ឋមន្ដ្រី បន្តថា ចំណុចនេះហើយបាននាំឱ្យមាតុភូមិកម្ពុជា រួចចាក់ផុតពីភ្លើងសង្រ្គោះ ទទួលបាននូវសន្តិភាព ឯកភាពជាតិ ការពង្រឹងនីតិរដ្ឋ និងការបង្រួបបង្រួមជាតិ រហូតមកទល់សព្វថ្ងៃនេះ។
នៅក្នុងឱកាសនោះ អភិបាលខេត្តឧត្តរមានជ័យ លោក មាន ចាន់យ៉ាដា បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត លោកបានអញ្ជើញប្រជាពលរដ្ឋ ឱ្យមកលេងកម្សាន្តនៅស្តូបឈ្នះ-ឈ្នះ អន្លង់វែង ដើម្បីស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ វីរៈជនស្នេហាជាតិទាំងឡាយ ដែលបានតស៊ូបញ្ចប់សមរភូមិសង្គ្រាមចុងក្រោយបង្អស់នៅលើទឹកដីនេះ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវដឹងគុណចំពោះស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ និងបន្តចូលរួមថែរក្សាសមិទ្ធផលសន្តិភាពនេះ ឱ្យស្ថិតនៅគង់វង្សយូរអង្វែងជារៀងរហូត៕