ប្រតិបត្តិករទេសចរណ៍រំពឹងថានឹងមានភ្ញៀវមកលេងខេត្តកំពតច្រើនក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

0

ខេត្តកំពត: ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តកំពត បានត្រៀមកម្មវិធីកម្សាន្តសប្បាយផ្សេងៗជាច្រើន នៅនឹងកន្លែងរបស់ខ្លួន ដើម្បីទទួលស្វាគមន៍ភ្ញៀវ ក្នុងឱកាសបុណ្យឆ្លងឆ្នាំ២០២៤ ចូល២០២៥ ស្អែកនេះ។ ពួកគាត់រំពឹងនឹងមានភ្ញៀវមកលេងច្រើនជាងឆ្នាំមុនៗ។ ទេសចរមកពីបណ្តាខេត្តឆ្ងាយៗ បានបង្ហាញក្តីរំភើបរីករាយ ហើយរំពឹងដែរថា រាត្រីឆ្លងឆ្នាំនៅនៅកំពត នឹងក្លាយជាអនុស្សាវរីយ៍ដ៏គួរឲ្យចង់ចាំ ខណៈដែលមន្ត្រីជំនាញថាការកក់បន្ទប់បានរង្វង់៨០%។

អ្នកគ្រប់គ្រងផ្នែករៀបចំបន្ទប់ របស់ ហ្គុដ ថាម រីឡែក រីស៊ត (Good Time Relax  Resort)  លោក ស៊ន សុង បានប្រាប់ឲ្យដឹងថា Good Time Relax  Resort បានត្រៀមរៀបចំកម្មវិធីឆ្នងឆ្នាំ ជូនភ្ញៀវរបស់ខ្លួនរួចរាល់ហើយ ខណៈដែលបន្ទប់ទទួលបានការកក់ជាង៨០% ។ អ្នកគ្រប់គ្រងរូបនោះរំពឹងថាភ្ញៀវនឹងមកលេងនៅខេត្តកំពតច្រើន ។

ចំណែកអ្នកគ្រប់គ្រងបុគ្គលិក របស់រមណីយដ្ឋានដូងទេ បានបញ្ជាក់ដែរថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំ ២០២៤ ចូល២០២៥ ស្អែកនេះ សេវាស្នាក់នៅពេញអស់យូរហើយ  ដោយឡែកសេវាម្ហូបអាហារ ខាងដូងទេបានបន្ថែមបុគ្កលិក តុកៅអី គ្រឿងសមុទ្រច្រើនជាងធម្មតា។ ហើយស្អែកនេះដូងទេនឹងមានការប្រគំតន្ត្រីតាំងពីព្រឹករហូតដល់ពេលរាប់ថយក្រោយ ។

ចំណែកភ្ញៀវទេសចរមកពីខេត្តបន្ទាយមានជ័យ និង សៀមរាបបានបង្ហាញអារម្មណ៍រំភើបរីករាយ ពេលឃើញទេសភាពដ៏ស្រស់ស្អាតនៅរមណីយដ្ឋានដូងទេ ពិសេសឃើញការតុបតែងលម្អក្រុងកំពត ថាពិតជាប្លែក និងទាក់ទាញធ្វើឲ្យគាត់មិនចង់ត្រឡប់ទៅផ្ទះវិញទេ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា រដ្ឋបាលខេត្តកំពតក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានត្រៀមលក្ខណៈរួចរាល់តាំងពីបុណ្យសមុទ្រ ទាំងការងារលម្អក្រុង ការងារពង្រឹងសេវាកម្មទេសចរណ៍ ពិសេសតម្លៃតែម្តង។ លោកបានបញ្ជាក់ថា មកដល់ពេលនេះ ភ្ញៀវបានកក់បន្ទប់បានរង្វង់៨០%ហើយ  ខណៈដែលការប្រគំតន្ត្រី  ការសម្តែងសិល្បៈ កីឡា និងការអុចកាំជ្រួចត្រូវបានត្រៀមរួចរាល់ផងដែរ៕ សេង ណារិទ្ធ