ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ៥៣២០នាក់ បានចូលរួមក្នុងពិធីមិទិ្ទញរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧មករា១៩៧៩-៧មករា២០២៥)។
មិទ្ទិញខួប៤៦ឆ្នាំ បានធ្វើនៅថ្ងៃទី៧មករា២០២៥ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី ៣ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ,ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ែម សាម៉ន សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា ,ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងមន្ត្រីរាជការ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ផងដែរ។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថា ខួប៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន បានធ្វើឱ្យប្រជាជាតិខ្មែររស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់យ៉ាងឃោឃៅបំផុត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានបន្តថា យើងប្រារព្ធខួប នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះឡើង គឺក្នុងស្មារតីចងចាំពុំអាចបំភ្លេចបាននូវមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានប្រព្រឹត្តមកលើប្រជាជនស្លូតត្រង់កម្ពុជា ព្រមជាមួយនេះ យើងចងចាំជានិច្ចនូវគុណូបការៈ ដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាចលើសមរភូមិ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងបានការពារនៃការរស់ឡើងវិញ របស់ប្រជាជន។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានបន្តទៀតថា ខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា គឺជាថ្ងៃប្រវត្តិរបស់កម្ពុជា ដែលបានធ្វើឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នង ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺ៖ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង វឌ្ឍនភាសង្គម ជាមួយនឹងស្នាមញញឹម “៧មករា” បានដិតជាប់ជានិច្ចក្នុងក្រអៅដួងចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប ដែលបានរស់រានមានជីវិតឡើងវិញ។ ហើយប្រជាជនកម្ពុជាទូទាំងប្រទេស បានប្រសិទ្ធនាមថា៖ «ថ្ងៃ៧មករា គឺ៖ ជាថ្ងៃកំណើតទីពីរ របស់ខ្លួន»។
ឯកឧត្តមសន្តិបណ្ឌិត ឡូយសុផាត បានថ្លែងចាត់ទុកថា រយៈពេល ៤៦ ឆ្នាំកន្លងផុតទៅ បន្ទាប់ពីការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ស្មារតី ៧ មករា នៅតែមានពន្លឺចែងចាំងជានិច្ចនិងកំពុងបន្តបំភ្លឺផ្លូវយើង ដើម្បីកសាងអនាគតកម្ពុជាដ៏រុងរឿង ហើយស្មារតី ៧ មករា បានឆ្លុះបញ្ចាំងអំពីកម្លាំងមហាសាមគ្គីរបស់ជាតិយើង អំពីការផ្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ ចំពោះឧបសគ្គគ្រប់យ៉ាង ដើម្បីភាពគង់វង្សស្ថិរស្ថេរ និងរីកចម្រើនរបស់ជាតិ មាតុភូមិ ព្រមជាមួយនេះស្មារតី ៧ មករា ផ្ដល់ឱ្យយើងនូវក្តីសង្ឃឹមជឿជាក់ជានិច្ច ចំពោះជ័យជម្នះ ,៧ មករា មានសត្រូវតែមួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះត្រូវបានរលាយបាត់បង់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧ មករា គឺជាអ្នកដែលចង់ឲ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងមកវិញនៅកម្ពុជា៕