អាជ្ញាធរចាប់ផ្ដើមដាក់ទ្រូងផ្លូវលើកំណាត់ផ្លូវ៦០ម៉ែត្រដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

0

រាជធានីភ្នំពេញ៖ មន្ត្រីជំនាញមន្ទីរសាធារណការរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានស្ទូចយករបាំងថ្មនិងរនាំងដែកដើម្បីដាក់លើទ្រូងផ្លូវនៅកំណាត់ផ្លូវ៦០ម៉ែត្រដែលស្ថិតនៅមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ ដើម្បីកាត់បន្ថយនិងបញ្ជៀសចរាចរណ៍នៅកំណាត់ផ្លូវ៦០ម៉ែត្រនេះដោយកន្លងមកផ្លូវនេះបង្កគ្រោះថ្នាក់ចរាចរណ៍ច្រើនបណ្ដាលឱ្យមនុស្សស្លាប់ជាញឹកញាប់។

ប្រជាពលរដ្ឋ ដែលអ្នកប្រកបរបរលក់ដូរនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ បានលើកឡើងថា មួយរយៈនេះពួកគាត់បានសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ហាក់មិនមានការកើតឡើងញឹកញាប់ដូចពេលមុនទេ ពិសេសការបើកបររបស់ពលរដ្ឋហាក់ចូលរួមគោរពច្បាប់បានល្អប្រសើរជាងមុន ដោយមិនសូវឃើញមានអ្នកបន្តបើកបរលឿនៗទៀតនោះឡើយ ខណះដែលសមត្ថកិច្ចនៅតែបន្តយកចិត្តទុលដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ទាំងយប់ទាំងថ្ងៃផងដែរ។

ពលរដ្ឋបន្តលើកឡើងទៀតថា កន្លងទៅអ្នកបើកបរទាំងម៉ូតូទាំងរថយន្តបានបើកបរក្នុងល្បឿនលឿនៗដោយមិនមានការប្រុងប្រយ័ត្នបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ហើយក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះភាគច្រើនគឺបណ្ដាលឲ្យមានមនុស្សស្លាប់ផងដែរ។

បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ បានគូសគំនូសសញ្ញាចរាចរណ៍ នៅលើដងផ្លូវខាងលើ និងដាក់ទ្រូងផ្លូវ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលកំណត់ចំណាំឱ្យបានច្បាស់ និងបន្តការ ចូលរួមគោរពគំនូសសញ្ញាចរាចរឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។

សូមបញ្ជាក់ថា ការអនុញ្ញាត្តិល្បឿននៅលើផ្លូវ៦០ម៉ែត្រ គឺក្រោម៦០គីឡូម៉ែត្រក្នុង១ម៉ោងគិតចាប់ពីស្តុប៥០ម៉ែត្រ ដល់ស្តុប មឺសឺដែស ។ ដោយឡែកពីស្តុបមឺសឺដែស ដល់ស្ពានអាកាសមរតកតេជោ គឺអនុញ្ញាត្តិត្រឹម៤០គីឡូម៉ែត្រក្នុង១ម៉ោងប៉ុណ្ណោះ៕