អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពតអំពាវនាវដល់ពលរដ្ឋក្រីក្រគ្មានដីសូមរូសរាន់មកដាក់ពាក្យស្នើសុំដីនៅឃុំសង្កាត់

0

ខេត្តកំពត: អាជ្ញាធរស្រុកទឹកឈូបានបញ្ជាក់ថា រដ្ឋបាលស្រុក និងឃុំសង្កាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារផ្សព្វផ្សាយស្តីពី “កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព” ជូនដល់ពលរដ្ឋក្រីក្រ ប៉ុន្តែចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី១១ ខែកុមភៈនេះ ស្រុកទើបទទួលពាក្យស្នើសុំចំនួន១១គ្រួសារប៉ុណ្ណោះ។ អាជ្ញាធរ និងមន្ត្រីជំនាញអំពាវនាវដល់ពលរដ្ឋក្រីក្រគ្មានដីសូមរូសរាន់មកដាក់ពាក្យស្នើសុំដីនៅឃុំសង្កាត់ដែលខ្លួនរស់នៅ។

អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានបញ្ជាក់កាលពីរសៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ថា បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ និងច្បាស់លាស់ពីឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត អំពី“កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព” ដែលជាគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  អាជ្ញាធរស្រុក និងអាជ្ញាធរឃុំទាំង១៣ បានធ្វើការផ្សព្វផ្សាយគ្រប់មធ្យោបាយ និងបានចុះផ្សព្វផ្សាយ និងជួបពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានដោយផ្ទាល់។  យ៉ាងណាក៏ដោយគិតមកដល់ថ្ងៃនេះ ទូទាំងស្រុកទទួលបានការដាក់ពាក្យស្នើសុំចំនួន១១គ្រួសារប៉ុណ្ណោះ។ លោកបានអំពាវនាវដល់ពលរដ្ឋក្រីក្រអត់ដី សូមមកដាក់ពាក្យនៅសាលាឃុំ ឲ្យបានមុនថ្ងៃទី២ខែមីនា។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត លោក ព្រាប សុផាត បានបញ្ចាក់ឲ្យដឹងនៅរសៀលថ្ងៃដដែលថា កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ជាគោលនយោបាយថ្មីមួយនៅលើវិស័យដីធ្លី ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ហើយការទទួលពាក្យចាប់ពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ខែមីនា នៅតាមសាលាឃុំសង្កាត់។ លោកក៏បានអំពាវនាវដល់ពលរដ្ឋក្រីក្រគ្មានដីពិតប្រាកកដ សូមរូសរាន់មកដាក់ពាក្យស្នើសុំដីនៅសាលាឃុំសង្កាត់ឲ្យបានមុខថ្ងៃទី២ ខែមីនាខាងមុខនេះ។

តាមការបញ្ជាក់របស់ប្រធានមន្ទីរ  “កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព មាន៥ដំណាក់កាល  ហើយចាប់ផ្តើមផ្សព្វផ្សាយ និងបើកទទួលពាក្យពីថ្ងៃទី១ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា។ បន្ទាប់មកឃុំសង្កាត់ធ្វើការពិនិត្យនិងវាយតម្លៃដាក់ពិន្ទុរយៈពេល៧ថ្ងៃ  ទើបរៀបចំបញ្ជីតាមលំដាប់អាទិភាពបញ្ជូនមករដ្ឋបាលក្រុងស្រុក។ រដ្ឋបាលក្រុងស្រុក ត្រួតពិនិត្យលើបញ្ជីរយៈ៧ថ្ងៃទៀត ទើបបញ្ជូនមកឲ្យរដ្ឋបាលខេត្ត រដ្ឋបាលខេត្តពិនិត្យលើបញ្ជីនោះរួច ទើបបញ្ជូនទៅលេខាធិការដ្ឋាន នៃគណៈកម្មាធិការថ្នាក់ជាតិ។ សរុបរយៈពេលដំណើការនៅថ្នាក់ក្រោមជាតិមានចំនួន៥១ថ្ងៃ ខណៈដែលលេខាធិការដ្ឋានថ្នាក់ជាតិ ប្រើពេល២១ថ្ងៃទៀត៕ សេង ណារិទ្ធ